ក្រោយផ្ទុះអាវុធ៖ សម្តេចធិបតី ប្រាប់ឱ្យជនរួមជាតិរក្សាភាពស្ងាត់ស្ងៀម និងបន្តការងារប្រចាំថ្ងៃជាប្រក្រតី

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅកាន់ជនរួមជាតិ សូមរក្សាភាពស្ងាត់ស្ងៀមនិងមានលំនឹងក្នុងចិត្ត និងសូមបន្តការងារប្រចាំថ្ងៃជាប្រក្រតី។ការប្រកាសរបស់សម្តេចធិបតីបែបនេះ ធ្វើឡើងក្រោយមានការផ្ទុះអាវុធនៅតំបន់ព្រំដែន ដែលថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជាមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី បានបង្ហោះនៅលើហ្វេសប៊ុកថា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២៤ កក្កដា ២០២៥ ថ្ងៃនេះ កងទ័ពថៃបានបើកការវាយប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី នៅក្នុងខេខេត្តឧត្តរមានជ័យ និងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់មុំបី។

សម្តេចធិបតីបន្តថា កម្ពុជាតែងតែប្រកាន់ជំហរចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែក្នុងករណីនេះយើងគ្មានជម្រើសអ្វីក្រៅពីការឆ្លើយតបដោយកម្លាំងប្រដាប់អាវុធប្រឆាំងនឹងការឈ្លានពានដោយប្រដាប់អាវុធនោះទេ។

ទន្ទឹមគ្នានេះ សម្តេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថាប័ន រដ្ឋបាលខេត្តពាក់ព័ន្ធ ជាពិសេសកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាបាននិងកំពុងធ្វើកិច្ចការយ៉ាងសកម្ម និងប្រកបដោយភាពក្លាហានមោះមុត ក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិយើងទាំងលើសមរភូមិយោធា និងសមរភូមិការទូត ក៏ដូចជាជួយដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការឈ្លានពានរបស់កងទ័ពថៃនៅពេលនេះ។

ជាថ្មីម្តងទៀត សម្តេចធិបតី ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ជឿជាក់លើរាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ។ សូមរក្សាភាពស្ងាត់ស្ងៀមនិងមានលំនឹងក្នុងចិត្ត និងសូមបន្តការងារប្រចាំថ្ងៃជាប្រកតី៕ អត្ថបទ៖ ហ្សាលីន