ប្រធានាធិបតីបារាំង លោក Emmanuel Macron និងភរិយា លោកស្រី Brigitte បានដាក់ពាក្យបណ្តឹងប្រឆាំងទៅនឹងម្ចាស់កម្មវិធី Podcast ជនជាតិអាមេរិក លោកស្រី Candace Owens ដោយចោទប្រកាន់ពីបទបរិហារកេរ្តិ៍ចំពោះការផ្សព្វផ្សាយមិនពិតដែលថា ជំទាវទីមួយរបស់ប្រទេសបារាំង ជាមនុស្សកែភេទ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
![]()
ជុំវិញពាក្យបណ្តឹងដែលបានដាក់ទៅកាន់តុលាការជាន់ខ្ពស់នៃរដ្ឋ Delaware កាលពីថ្ងៃទី២៣ ខែកក្កដាកន្លងទៅនេះ គឺផ្តោតសំខាន់ទៅលើកម្មវិធី Podcast ឈ្មោះថា Becoming Brigitte ដឹកនាំដោយលោកស្រី Candace Owens ដែលជាអ្នកអត្ថាធិប្បាយនយោបាយអាមេរិក និងជា Podcaster ដ៏មានឥទ្ធិពលម្នាក់នៅក្នុងប្រទេស។
យោងតាមប្រធានាធិបតីបារាំង លោក Macron និងភរិយា បាននិយាយថា កម្មវិធីនេះ បានផ្សព្វផ្សាយព័ត៌មានមិនពិតដែលបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។ នៅក្នុងកម្មវិធីនោះ លោកស្រី Owens បានអះអាងថាជំទាវទី១ របស់បារាំង លោកស្រី Brigitte បានផ្លាស់ប្តូរអត្តសញ្ញាណរបស់អ្នកដទៃ ហើយកែភេទឲ្យក្លាយទៅជាមនុស្សស្ត្រី។
គួរឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ក្រុមអ្នកច្បាប់របស់លោក Macron បាននិយាយថា ពួកគេបានដាក់ពាក្យបណ្តឹងរួចរាល់ហើយ បន្ទាប់ពីលោកស្រី Owens បានបដិសេធមិនព្រមដកសេចក្តីថ្លែងការណ៍អំពីការបង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្លួន ចេញ។
ជម្រាបជូនផងដែរថា លោក Macron បច្ចុប្បន្នវ័យ ៤៧ឆ្នាំបានរៀបការជាមួយលោកស្រី Brigitte វ័យ ៧២ឆ្នាំ នៅក្នុងឆ្នាំ២០០៧ បន្ទាប់ពីអ្នកទាំងពីរបានសាងទំនាក់ទំនងស្នេហាជាមួយគ្នា អំឡុងកាលនៅរៀន ក្នុងនាមជាគ្រូ និងសិស្ស៕

