យោងតាមការស្ទាបស្ទង់មតិពីស្ថាប័ន Ifo បានបង្ហាញឲ្យដឹងនៅថ្ងៃទី២៤ ខែកក្កដានេះថា ក្រុមហ៊ុនរបស់អាល្លឺម៉ង់ប្រមាណជិត ៣០% ដែលមានគម្រោងវិនិយោគនៅសហរដ្ឋអាមេរិក បានសម្រេចពន្យារពេលលើគម្រោងរបស់ពួកគេវិញ និង ១៥% ផ្សេងទៀត បានប្រកាសលុបចោលគម្រោងតែម្តង ដោយសារតែភាពមិនប្រាកដប្រជា លើគោលនយោបាយពន្ធគយរបស់លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ការស្ទង់មតិនេះ បានបង្ហាញឲ្យដឹងទៀតថា ក្នុងចំណោម ២១% នៃក្រុមហ៊ុនចំនួន ១ ៥០០ ដែលត្រូវបានស្ទង់មតិ កំពុងពន្យារពេលលើការវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសអាល្លឺម៉ង់ផងដែរ ខណ: ៨% ផ្សេងទៀត បាននិយាយថាគម្រោងវិនិយោគរបស់ពួកគេនៅក្នុងប្រទេសនេះ ត្រូវបាលុបចោល។
ស្ថាប័នស្រាវជ្រាវ Ifo បាននិយាយនៅក្នុងរបាយការណ៍មួយរបស់ខ្លួនថា ក្រុមហ៊ុនដែលរងផលប៉ះពាល់អវិជ្ជមានដោយវិធានការពន្ធគយរបស់លោក ត្រាំ ដែលត្រូវបានដាក់ចេញចាប់តាំងពីខែមករា កំពុងសម្រេចចិត្តពន្យារពេល ឬលុបចោលគម្រោងវិនិយោគរបស់ពួកគេនៅអាមេរិក តែម្តង។
បើតាមអ្នកជំនាញពាណិជ្ជកម្មប្រចាំនៅ Ifo លោក Andreas Baur បាននិយាយថា ពន្ធគយរបស់លោក ត្រាំ គឺបានបង្ហាញពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះគោលនយោបាយពាណិជ្ជកម្ម ដោយវាបានបង្ខំឲ្យបណ្តាក្រុមហ៊ុន វាយតម្លៃទីផ្សារពិភពលោក និងរៀបចំការវិនិយោគឡើងវិញ៕

