លោកឧកញ៉ា ខេមរៈ សិរីមន្ដ និងតារាងចម្រៀងជាច្រើនរូបរបស់ផលិតកម្ម GALAXY NAVATRA បានចេញវីដេអូនិយាយជាភាសាអង់គ្លេស ដើម្បីប្រាប់ទៅកាន់ពិភពលោកថា «ថៃជាអ្នកផ្ដើមសង្រ្គាម, ថៃកំពុងឈ្លានពានទឹកដីខ្មែរ, ថៃបើកការវាយប្រហារដោយអាវុធធំៗបំផ្លាញប្រាសាទខ្មែរដែលជាបេតិកភណ្ឌពិភពលោក ហើយកម្ពុជារងគ្រោះពីសង្គ្រាមឈ្លានពានរបស់ថៃ»។

សូមជម្រាបជូនថា មកដល់ពេលនេះ ទោះបីជាមានការអន្ដាគមន៍ ក៏ដូចជាមានការអំពាវនាវពីក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ ស្នើឱ្យភាគីកម្ពុជានិងថៃ មានភាពអត់ធ្មត់ខ្ពស់បំផុត និងដោះស្រាយដោយសន្ដិវិធីក៏ដោយ ក៏ថៃនៅតែគឃ្លើន ឈ្លានពានកម្ពុជា បន្ដបាញ់រះមកលើប្រទេសកម្ពុជាដដែល។
ថៃបានបន្ដបាញ់មកលើកម្ពុជា ដោយប្រើប្រាស់យន្ដហោះទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម និងប្រើប្រាស់អាវុធធំៗជាច្រើនទៀត ដោយបានបំផ្លិតបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជាយ៉ាងច្រើន មានបំផ្លាញវត្ដអារាម សម្លាប់ប្រជាជនស្លូតត្រង់របស់កម្ពុជា បំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋកម្ពុជាជាច្រើនផងដែរ។
គួរបញ្ជាក់ថា នៅពេលដែលថៃបាននិងកំពុងឈ្លានពានកម្ពុជានេះ ប្រជាជនកម្ពុជាជាច្រើនម៉ឺននាក់ បានចាកចេញពីផ្ទះសម្បែង រត់ទៅរកទីកន្លែងមានសុវត្ថិ ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ដ ជាមួយគ្នានោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានដឹកនាំក្រុមការងារសហព័ន្ធយុវជនការពារយុត្ដិធម៌ ទៅចម្អិតម្ហូប ផ្គត់ផ្គង់ប្រជាជនភៀសសឹកទាំងអស់ផងដែរ៕

