អ្នកសារព័ត៌មានប្រមាណជាង ១០០នាក់ បានចុះរាយការណ៍ផ្ទាល់នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ

សង្គម​ និង​សេដ្ឋកិច្ច

ចាប់ពីមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ រយៈពេល៥ថ្ងៃមកនេះ យ៉ាងហោចណាស់ មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណជាង១០០នាក់ បានចុះទៅរាយការណ៍ផ្ទាល់នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើយោងរបាយការណ៍ពីលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន នាថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់សារព័ត៌មានឧកញ៉ា News ថា នៅក្នុងសមរភូមិជម្លោះរវាងកម្ពុជា-ថៃ ប៉ុន្មានថ្ងៃមកនេះ មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណជាង១០០នាក់ បានកំពុងចុះយកព័ត៌មាន ដើម្បីរាយការណ៍ពីស្ថានភាពពិត ក៏ដូចជាផលលំបាក ដែលបានកើតឡើងពីសង្រ្គាមជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។

ក្នុងជម្លោះព្រំដែនដ៏ក្តៅគគុករវាងកងទ័ពខ្មែរ និងកងទ័ពថៃនាពេលនេះ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងនោះ មកពីបណ្តារសារព័ត៌មានធំ រួមមាន៖ វិទ្យុ ទូរទស្សន៍រដ្ឋ និងឯកជន កាសែត និងអនឡាញ ខណៈយើងក៏ឃើញមានសារព័ត៌មានបរទេសជាច្រើន ដូចជា៖ Reuters , Al Jazeera, Xinhua, Channel News Asia, AFP, AP, Kyodo News និងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិផ្សេងទៀតផងដែរ។ លោក ទេព អស្នារិទ្ធ បានបញ្ជាក់បន្ថែម។

ទន្ទឹមគ្នានេះ លោក សយ សុភាព នាយកសារព័ត៌មានដើមអម្ពិល ដែលជាអ្នកសារព័ត៌មានម្នាក់ ដែលបានចុះទៅកាន់សមរភូមិផ្ទាល់ ដោយប្រថុយទាំងគ្រោះថ្នាក់ផងនោះ ក៏បានចាត់ទុកថា ការចុះរាយការណ៍ព័ត៌មានដោយផ្ទាល់នៅតំបន់ជម្លោះ គឺជារឿងដែលអ្នកសារព័ត៌មានត្រូវតែធ្វើ ព្រោះដើម្បីដឹងអំពីសមរភូមិប្រយុទ្ធគ្នាដោយផ្ទាល់ និងដឹងពីការផ្សព្វផ្សាយបំផ្លើសព័ត៌មានរបស់ភាគីថៃ ដែលបានឈ្លានពានមកលើកម្ពុជា។

សូមរម្លឹកថា កងទ័ពថៃ បានបើកការវាយប្រហារមកលើកងទ័ពកម្ពុជាយ៉ាងខ្លាំងក្លា នៅតាមខ្សែបន្ទាត់ព្រំដែនចាប់តាំងពីភូមិសាស្ត្រខេត្តឧត្តរមានជ័យ តំបន់មុំបី រហូតដល់ខេត្តព្រះវិហារ។ ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងកាលព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ថា កងទ័ពថៃបានផ្តើមផ្ទុះអាវុធ មកលើកងទ័ពកម្ពុជាមុន។ ការផ្ទុះអាវុធដាក់គ្នាទ្រង់ទ្រាយធំរវាងកងទ័ពកម្ពុជា-ថៃនាពេលនោះ គឺកើតមានក្រោយភាគីថៃបានព្យាយាមបិទ មិនឱ្យភាគីកម្ពុជាឡើងទៅប្រាសាទតាមាន់ធំ និងបន្ទាប់ពីប្រទេសទាំងពីរសម្រេចទម្លាក់កម្រិតការទូតនឹងគ្នាឱ្យនៅទាប។

ការឈ្លានពានពីប្រទេសថៃនេះដែរ បានបណ្តាលឱ្យមនុស្សរាប់សិបនាក់បាត់បង់ជីវិតនិងរបួស ហើយរាប់ម៉ឺននាក់រត់ភៀសខ្លួន និងសាលារៀនរាប់ពាន់បានបង្ខំបិទទ្វារ។ ទន្ទឹមនោះដែរ ថៃបានប្រព្រឹត្តបទឧក្រិដ្ឋកម្មសង្គ្រាម តាមរយៈការប្រើប្រាស់គ្រាប់បែកចង្កោម និងផ្សែងពុល រំលោភច្បាប់អន្តរជាតិ ហើយថែមទាំងបង្កការខូចខាតធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌរបស់អង្គការយូណេស្កូទៀតផង។

ប៉ុន្តែទោះបីយ៉ាងណាទីតាំងគ្រប់សមរភូមិប្រយុទ្ធដ៏ខ្លាំងក្លាទាំងអស់ ត្រូវបានកម្លាំងប្រដាប់អាវុធរបស់កម្ពុជាយើង ប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងបានបន្តឈរជើងយ៉ាងរឹងមាំ ចាប់តាំងពីមុនការផ្ទុះអាវុធចាប់ពីថ្ងៃទី២៤ ខែកក្កដា រហូតមកដល់បច្ចុប្បន្ន។

ក្រោយការវាយប្រហារគ្នាកាន់តែធ្ងនធ្ងរ ប្រមុខដឹកនាំ កម្ពុជា និងថៃ បានសម្រេចឯកភាពលើកិច្ចចរចាបទឈប់បាញ់គ្នា លើបទឈប់បាញ់ ដោយគ្មានលក្ខណ្ឌ ដែលនឹងចាប់អនុវត្តពីម៉ោង ១២ យប់ នាថ្ងៃទី២៨ ខែកក្កដា ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥តទៅ។ កិច្ចចរចាឈប់បាញ់គ្នារវាងភាគីទាំងពីរនេះ គឺកើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យមេដឹកនាំកម្ពុជា និងថៃ ចរចាគ្នាលើបទឈប់បាញ់គ្នាជាបន្ទាន់។

បន្ទាប់ពីបានឯកភាពបញ្ចប់បទឈប់បាញ់គ្នារួចហើយនោះ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការបរទេស ក៏បានដឹកនាំអនុព័ទ្ធយោធា មកពីប្រទេសមហាអំណាច និងប្រទេសមាជិកអាស៊ាន ព្រមទាំងមន្រ្តីទូតនានា សរុប ១៣ប្រទេស រួមទាំងក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិផងនោះ បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់សមរភូមិ ច្រកអានសេះ ខេត្តព្រះវិហារ ដើម្បីស្វែងយល់ពីស្ថានភាពពិតជាក់ស្តែង៕

អត្ថបទ៖ ពិសី