តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុកំពុងបន្តពង្រីកឧស្សាហកម្មជាច្រើនរួមទាំងផ្នែកសំបកកង់រថយន្តសម្រាប់នាំចេញ និងការឈានទៅផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនBYD។ នេះបើតាមលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី៣១ ខែកក្កដានេះ។

លោក កែវ រតនៈ បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុកំពុងបន្តពង្រីកឧស្សាហកម្មជាច្រើនរួមទាំងផ្នែកសំបកកង់រថយន្តសម្រាប់នាំចេញ និងការឈានទៅផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនBYD ខណៈបច្ចុប្បន្នបានផ្តល់ការងារជាង ៣២០០០កន្លែង ដល់ពលរដ្ឋខ្មែររួចទៅហើយ។
សូមជម្រាបជូន រោងចក្រ សហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ (SSEZ) ភាគច្រើនមានម្ចាស់ជាវិនិយោគិនមកពីប្រទេសចិន និងតំបន់អាស៊ីអាគ្នេយ៍។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានលក្ខណៈពិសេសជាងតំបន់ផ្សេងៗនៅកម្ពុជា ដោយតំបន់នេះ ត្រូវបានទទួលស្គាល់ គាំទ្រ និងមានការចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនង និងការអភិវឌ្ឍជាបន្តបន្ទាប់ ចាប់ពីថ្នាក់លើដល់ថ្នាក់ក្រោម រវាងរាជរដ្ឋាភិបាលកម្ពុជា-ចិន ដែលបានបើកការដ្ឋានសាងសង់ដំបូងនៅឆ្នាំ ២០០៨។

តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះស៊ីហនុផ្តោតជាសំខាន់លើវិស័យដូចជា សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ គ្រឿងបន្លាស់រថយន្ត គ្រឿងអេឡិចត្រូនិក ការផលិតសំបកកង់រថយន្ត និងដំឡើងរថយន្ត និងកង់។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្លាប់ឲ្យដឹងថា ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចទី២ របស់កម្ពុជា ក្នុងរយៈពេលជាង១៥ឆ្នាំ កន្លងមកនេះ បានរីកចម្រើនជាបន្តបន្ទាប់៕



