សម្តេចតេជោ ហ៊ុន សែន សម្លឹងឃើញតួនាទីកាន់តែសំខាន់របស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវនុវត្តន៍ ផ្តួចផ្តើមរៀបចំវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍» ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដំបូងរបស់ខ្លួន ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍» សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា​ ក្នុងបរិការណ៍នៃការរាតត្បាតជំងឺកូវីដ-១៩ ការកើនកម្ដៅ ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុ ដោយសម្តេចសម្លឹងឃើញតួនាទីកាន់តែសំខាន់របស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងការរក្សាចីរភាព នៃកំណើនសេដ្ឋកិច្ច និងជំរុញផ្លែផ្កានៃការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។

បើតាមសម្តេចតេជោ រាជរដ្ឋាភិបាលក៏​បានដាក់ចេញនូវគោលនយោបាយ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២០-២០៣០ ក្នុងគោលបំណងកសាងនូវមូលដ្ឋានគ្រឹះ សម្រាប់ចាប់យកផលិតផលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក៏ដូចជាសម្រាប់ចូលរួមក្នុងដំណើរការបង្កើត បច្ចេកវិទ្យាថ្មីប្រកបដោយនវានុវត្តន៍នាពេលអនាគត។

​សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលបានដាក់ចេញនូវ «ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជា ២០២២-២០៣៥» និងរបៀបវារៈស្រាវជ្រាវជាតិ ២០២៥ ក្នុងគោលបំណងចូលរួមដោះស្រាយបញ្ហាប្រឈម និងបង្កើតកាលានុវត្តភាពជូនវិស័យ សាធារណៈ វិស័យឯកជន និងប្រជាជនកម្ពុជា»។

សូមជម្រាបជូនថា ទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ជាការរួមចំណែកក្នុងការរួមគ្នាអនុវត្ត​គោល​នយោបាយ និងផែនទីបង្ហាញផ្លូវរបស់រាជរដ្ឋាភិបាល ដោយអនុលោមតាមក្រប​ខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥ និងសម្រាប់ប្រទេសកម្ពុជាត្រៀមខ្លួនក្នុងការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃ គឺចាប់​ពី​ថ្ងៃ​ទី​២៦ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣។ ទិវានេះ នឹងមានការចូលរួម​ពី​ស្ថាប័ន​​ពាក់​ព័ន្ធសរុបជាង ២០០ស្ថាប័ន ក្នុងនោះរួមមានក្រសួងពាក់ព័ន្ធ គ្រឹះស្ថាន​ឧត្តមសិក្សា និងស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ក្រុមហ៊ុនអាជីវកម្ម និង​សមាគមពាណិជ្ជកម្មជាដើម៕