អាជ្ញាធរមីន បានថ្កោលទោសយ៉ាងខ្លាំងបំផុត បន្ទាប់ពីទទួលបានរបាយការណ៍ថា កងកម្លាំង ប្រដាប់អាវុធថៃបានប្រើប្រាស់គ្រាប់បែកចង្កោមនៅថ្ងៃនេះ គឺថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់ព្រំដែនក្នុងទឹកដីកម្ពុជា។

សេចក្តីថ្លែងការណ៍អាជ្ញាធរមីន នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានប្រកាសថ្កោលទោសចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដោយយោធាថៃនៅតាមបណ្តោយព្រំដែនកម្ពុជា។
តាមព័ត៌មានបឋមដែលទទួលបានពីអាជ្ញាធរមូលដ្ឋាន និងក្រុមបច្ចេកទេសបោសសម្អាតមីន បានបញ្ជាក់ច្បាស់ថា មានគ្រាប់ជាច្រើន ដែលមានលក្ខណៈដូចទៅនឹងគ្រាប់បែកចង្កោមដែលហាមប្រាម ដោយអន្តរជាតិ ត្រូវបានប្រើប្រាស់ទៅលើទីតាំងភ្នំខ្មោច និងទីតាំងភូមិធម្មជាតិ ស្រុកជាំក្សាន្ត ដែលបង្ក ការគំរាមកំហែងចំពោះប្រជាជន ប្រតិបត្តិករបោសសម្អាតមីន និងសហគមន៍ក្នុងតំបន់ព្រំដែន។

ទង្វើនេះ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ។ គ្រាប់បែកចង្កោមត្រូវ បានហាមប្រាម នៅក្រោមអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមឆ្នាំ២០០៨ ដោសារតែគ្រាប់នេះ បង្កផលប៉ះពាល់ទៅលើផ្ទៃ ដីធំ និងបង្កគ្រោះថ្នាក់ចំពោះប្រជាជន ជាពិសេសក្មេងតូច។ កម្ពុជា បានយល់ច្បាស់អំពីផលប៉ះពាល់ ដ៏អាក្រក់របស់គ្រាប់ចង្កោម ដោយកម្ពុជាធ្លាប់ទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារគ្រាប់ប្រភេទនេះ ដែលបានទម្លាក់ជាច្រើនលានគ្រាប់នៅក្នុងសម័យសង្គ្រាម។ គ្រាប់បែកចង្កោមទាំងនេះ បានបង្កគ្រោះ ថ្នាក់ដល់អាយុជីវិតប្រជាជនរារាំងការអភិវឌ្ឍ ជំនាន់ទៅមុខ និងបង្កភាពភ័យខ្លាចដល់សហគមន៍ជាច្រើន។
ការប្រើប្រាស់គ្រាប់បែកចង្កោមជាពិសេសនៅក្នុងតំបន់ព្រំដែនដែលមានប្រជាជនរស់នៅកកកុញ គឺជាទង្វើបំពានដែលមិនអាចទទួលយកបានឡើយ ព្រោះវាជាការមិនគោរពដល់អាយុជីវិតមនុស្ស គោលការណ៍មនុស្សធម៌ និងសន្តិភាពក្នុងតំបន់។ កម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការ បោសសម្អាតរាល់សំណល់ជាតិផ្ទុះពីសង្គ្រាម ក៏ប៉ុន្តែ ការប្រើប្រាស់គ្រាប់បែកចង្កោមនៅថ្ងៃនេះ ពិតជា បានគំរាមកំហែងដល់អាយុជីវិត និងកិច្ចសហប្រតិបត្តិការ និងទំនុកចិត្ត ដែលបានសាងមកអស់ រយៈពេលជាច្រើនទសវត្សរ៍មកហើយ។អាជ្ញាធរមីន ថ្កោលទោសជាខ្លាំង និងទាមទារឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់អាវុធប្រភេទនេះ។

អាជ្ញាធរមីន សូមរំលឹកដក់គ្រប់ភាគីផងដែរថា វឌ្ឍនភាពសកម្មភាពមីន និងសន្តិភាពក្នុងតំបន់ អាចសម្រេចបានតាម រយៈកិច្ចសន្ទនា ការគោរពគ្នាទៅវិញទៅមក និងការបដិសេធដាច់ខាតចំពោះ អំពើហឹង្សា និងការប្រើប្រាស់កម្លាំងយោធា។អាជ្ញាធរមីន សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះតម្លាភាព និងគណនេយ្យភាព និងស្នើអញ្ជើញដល់សហគមន៍អន្តរជាតិ រួមទាំង អង្គការសហប្រជាជាតិ អាស៊ាន និងគ្រប់ស្ថាប័ន ពាក់ព័ន្ធទៅនឹងការរំសាយអាវុធមនុស្សធម៌ ចូលរួមតាមដានស្ថានការណ៍។
ហេតុនេះ ថៃត្រូវតែបញ្ឈប់រាល់សកម្មភាពនេះជាបន្ទាន់និងត្រូវរក្សានូវគោលការណ៍ច្បាប់មនុស្សធម៌អន្តរជាតិ តាមរយៈកិច្ចសន្ទនាដោយសន្តិវិធី។
បើតាមរបាយការណ៍បានបញ្ជាក់ថា នៅវេលាម៉ោង ០៥:២៥ នាទីព្រឹក យោធាថៃបានទម្លាក់គ្រាប់បែក ចង្កោមនៅទីតាំងភ្នំខ្មោច នៅតាមបណ្តោយព្រំដែនខេត្តព្រះវិហារ។ ការវាយប្រហារនេះ បានធ្វើឱ្យ ប៉ះពាល់យ៉ាងខ្លាំងដល់សហគមន៍ក្នុងតំបន់ព្រំដែន និងបំពានចំពោះច្បាប់អន្តរជាតិ។ ការវាយប្រហារ លើកទីពីរគឺនៅវេលាម៉ោង ០៦:៥០ នាទីនៅទីតាំងភូមិតេជោធម្មជាតិ ស្រុកជាំក្សាន្ត ដែលបានគំរាម កំហែងដល់អាយុជីវិតប្រជាជននៅតាមតំបន់ព្រំដែនជាខ្លាំង៕ អត្ថបទ៖ ហ្សាលីន

