លោក ត្រាំ ចាប់ផ្តើមគំរាមក្រុមហ៊ុនរបស់កាណាដា មិនឲ្យលក់យន្តហោះនៅទឹកដីសហរដ្ឋអាមេរិក

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាមទារឱ្យក្រុមហ៊ុនកាណាដា Bombardier ផ្លាស់ប្តូរទីតាំងផលិតយន្តហោះរបស់ខ្លួនមកកាន់ទឹកដីសហរដ្ឋអាមេរិក ឬមួយត្រូវប្រឈមមុខនឹងការហាមឃាត់ចំពោះការលក់នៅក្នុងប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social នៅថ្ងៃទី៧ ខែកញ្ញាថា​៖ “ពួកគេនឹងលែងត្រូវបានអនុញ្ញាតឱ្យលក់យន្តហោះ Bombardier នៅសហរដ្ឋអាមេរិកទៀតហើយ។ ប្រសិនបើពួកគេចង់ចូលទៅកាន់ទីផ្សាររបស់យើង នោះពួកគេត្រូវតែផលិតនៅទីនេះ ហើយឈប់ចាត់ទុកអាមេរិកដូចជាទីកន្លែងកើបលុយតទៀត”។

យ៉ាងណាមិញ មេដឹកនាំសេតវិមានរូបនេះ មិនបានបញ្ជាក់ថាលោកនឹងហាមឃាត់ Bombardier ពីការលក់យន្តហោះនៅសហរដ្ឋអាមេរិកដោយរបៀបណាមួយនៅឡើយនោះទេ។ លោកបានបន្ថែមទៀតថា ប្រទេសកាណាដាកំពុងរារាំងធនាគារ និងអាជីវកម្មអាមេរិក មិនឱ្យធ្វើប្រតិបត្តិការនៅក្នុងប្រទេសរបស់ពួកគេផងដែរ។

ជុំវិញការបង្ហោះសារដ៏ខឹងសម្បារនេះ គឺជាចលនាដ៏គួរឱ្យភ្ញាក់ផ្អើលលើកទីពីររបស់លោក ត្រាំ នៅឆ្នាំនេះ ប្រឆាំងនឹងក្រុមហ៊ុនផលិតយន្តហោះកាណាដា។ កាលពីខែមករា លោកក៏បានគំរាមលុបចោលវិញ្ញាបនបត្រសម្រាប់យន្តហោះ Bombardier នៅសហរដ្ឋអាមេរិក និងដាក់ពន្ធ ៥០% លើយន្តហោះកាណាដា បន្ទាប់ពីអះអាងថា ទីក្រុង Ottawa បានបដិសេធមិនផ្តល់វិញ្ញាបនបត្រសម្រាប់យន្តហោះម៉ូដែល Gulfstream ថ្មីដែលផលិតនៅសហរដ្ឋអាមេរិកដូចគ្នា។

គួរជម្រាបជូនថា បច្ចុប្បន្ននេះ យន្តហោះ Bombardier រាប់ពាន់គ្រឿងត្រូវបានដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍អាមេរិក សម្រាប់ជើងហោះហើរនៅក្នុងស្រុករបស់ពួកគេ។ លោក ត្រាំ បានបន្តអះអាងថា ទីផ្សារសហរដ្ឋអាមេរិកមានចំនួនជាងពាក់កណ្តាលនៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន Bombardier៕​