សហរដ្ឋអាមេរិក សម្រេចដកទណ្ឌកម្មលើប្រទេសស៊ីរី ក្រោយដាក់អស់រយ:ពេល ១៤ឆ្នាំ

អន្តរជាតិ

សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានប្រកាសដកទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ដែលប្រឆាំងទៅនឹងប្រទេសស៊ីរី អស់រយ:ពេល ១៤ឆ្នាំកន្លងមកនេះ ដោយនឹងបើកអនាគតថ្មីសម្រាប់ប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយកាលពីថ្ងៃទី២៣ ខែឧសភាថា ស៊ីរីត្រូវតែបន្តធ្វើការដើម្បីឆ្ពោះទៅរកការក្លាយជាប្រទេសដែលមានស្ថិរភាព និងសន្តិភាពពេញលេញ។ លោកក៏បានបង្ហាញក្តីសង្ឃឹមទៀតថា ការសម្រេចដកទណ្ឌកម្មទាំងអស់នៅថ្ងៃនេះ នឹងធ្វើឲ្យស៊ីរីដើរលើផ្លូវត្រូវឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង វិបុលភាព និងស្ថិរភាព។

មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីរូបនេះ បានសង្កត់ធ្ងន់ទៀតថា ការសម្រេចចិត្តដកទណ្ឌកម្មនេះ នឹងអនុវត្តចំពោះរដ្ឋាភិបាលស៊ីរីថ្មី ដោយបានផ្តល់ទំនុកចិត្តថារដ្ឋាភិបាលទីក្រុង Damascus នឹងមិនផ្តល់ជម្រកដល់អង្គការភេរវករ ក៏ដូចជាធានាដល់សន្តិសុខនៃសាសនា និងជនជាតិភាគតិច។

ទន្ទឹមនឹងនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសអំពីការលើកលែងនៅថ្ងៃតែមួយ ដើម្បីអនុញ្ញាតឲ្យដៃគូបរទេស និងសម្ព័ន្ធមិត្តចូលរួមក្នុងការកសាងប្រទេសស៊ីរីឡើងវិញ ដោយផ្តល់ភ្លើងខៀវឲ្យបណ្តាក្រុមហ៊ុនធំៗចូលរួម ដើម្បីធ្វើអាជីវកម្មនៅក្នុងប្រទេសនេះ។ រដ្ឋលេខាធិការ លោក Marco Rubio បាននិយាយថា វិធានការនេះនឹង ជួយសម្រួលដល់ការផ្តល់សេវាថាមពល ទឹក និងអនាម័យ ក៏ដូចជាធានាឲ្យមានការឆ្លើយតបផ្នែកមនុស្សធម៌ដ៏មានប្រសិទ្ធភាព នៅទូទាំងប្រទេសស៊ីរី។

ជម្រាបជូនផងដែរថា សហរដ្ឋអាមេរិកបានដាក់កំហិតលើប្រតិបត្តិការហិរញ្ញវត្ថុស៊ីរី ចាប់តាំងពីសង្រ្គាមស៊ីវិល​រ៉ាំរ៉ៃ​ផ្ទុះឡើង រយៈពេល ១៤ឆ្នាំ ដោយប្តេជ្ញាប្រើទណ្ឌកម្មប្រឆាំងដាច់ខាតទៅលើប្រទេសស៊ីរី ប្រសិនបើអតីតប្រធានាធិបតី លោក Bashar al-Assad នៅតែកាន់អំណាច។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីរបបអាសាដត្រូវបានផ្ដួលរំលំកាលពីឆ្នាំមុន រដ្ឋាភិបាលថ្មីរបស់ស៊ីរី កំពុងសម្លឹងរកមើលការកសាងទំនាក់ទំនងឡើងវិញជាមួយលោកខាងលិច និងទទួលបានការដកទណ្ឌកម្មជាបន្តបន្ទាប់៕