សិង្ហបុរី និងម៉ាឡេស៊ី កំពុងពិចារណាបើកការដំណើរដោយគ្មានលិខិតឆ្លងដែន ដើម្បីជំរុញពាណិជ្ជកម្ម

អន្តរជាតិ

ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមករានេះ បានព្រមព្រៀងរួមគ្នាក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយ និងកំពុងស្វែងរកវិធានការថ្មីៗជាច្រើនទៀត រួមទាំងការបើកឲ្យធ្វើដំណើរដោយពុំតម្រូវឲ្យមានលិខិតឆ្លងដែន ដើម្បីជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីសេដ្ឋកិច្ចម៉ាឡេស៊ី លោក Rafizi Ramli និងរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លោក Gan Kim Yong បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីនេះ ក្រោមការចូលរួមពីសំណាក់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ផងដែរ។

ទន្ទឹមនឹងនេះ លោក Rafizi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ ដែលមានឈ្មោះថា Johor-Singapore នឹងបង្ហាញពីការចាប់ផ្តើមនៃជំពូកថ្មី ក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរបស់ប្រទេសទាំងពីរបន្ថែមទៀត។

ក្រៅពីនេះ ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ក៏កំពុងរិះរកវិធានការថ្មីបន្ថែមទៀតដែលនឹងជួយដល់តំបន់សេដ្ឋកិច្ចពិសេស រួមទាំងការទូទាត់ប្រព័ន្ធ QR code សម្គាល់​អត្តសញ្ញាណ​ ដោយនេះគឺមិនចាំបាច់តម្រូវឲ្យមានលិខិតឆ្លងដែនសម្រាប់ប្រជាជនប្រទេសទាំងសងខាង ក្នុងគោលបំណងបង្កើនល្បឿននៃការចេញចូល នៅក្នុងច្រកព្រំដែន។

ជម្រាបជូនផងដែរថា ម៉ាឡេស៊ី និងសិង្ហបុរី មានព្រំប្រទល់បើកចំហដ៏ធំបំផុតមួយរបស់ពិភពលោក ខណ:ពាណិជ្ជកម្មទំនិញទ្វេភាគីរបស់ប្រទេសទាំងពីរមានចំនួនសរុប ៩០,៣ពាន់លានដុល្លារអាមេរិក គិតក្នុងឆ្នាំ២០២២ ស្របពេលផ្លូវតភ្ជាប់រវាងទីក្រុង Johor និងសិង្ហបុរី មានអ្នកដំណើរឆ្លងកាត់ជាង ៣៥០ ០០០ នាក់ជារៀងរាល់ថ្ងៃ៕