ការនាំចេញកាហ្វេរបស់ប្រទេសវៀតណាម បានឈានដល់ជិត ១,៧ លានតោនដែលមានតម្លៃសរុបជាង ៦ពាន់លានដុល្លារ ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២៦ នេះ ដែលកើនឡើង ១០% ធៀបទៅនឹងឆ្នាំមុន ទាក់ទងនឹងបរិមាណ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

តែទោះជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធជាមួយតម្លៃនាំចេញវិញបានធ្លាក់ចុះ ១១,២% ដោយសារតែតម្លៃចុះទាប។ នេះបើយោងតាមសមាគមកាកាវកាហ្វេវៀតណាម។
សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញសំខាន់សម្រាប់កាហ្វេវៀតណាម។ ទន្ទឹមនឹងនេះ ទីផ្សារអាស៊ីជាច្រើន ជាពិសេសប្រទេសចិន កំពុងលេចចេញជាកម្លាំងចលករថ្មីសម្រាប់កំណើននៅក្នុងឧស្សាហកម្មនេះ។
យ៉ាងណាមិញ ទាក់ទងនឹងតម្លៃកាហ្វេនេះ ត្រូវបានគេព្យាករថាបានកើតឡើងដោយសារតែកត្តាជាច្រើន រួមទាំងការប្រែប្រួលអាកាសធាតុ និងភ្លៀងធ្លាក់ខ្លាំងដែលបានពន្យារពេលការប្រមូលផលនៅប្រេស៊ីល ខណៈពេលដែលបាតុភូតអាកាសធាតុ El Nino រលកកំដៅ និងគ្រោះរាំងស្ងួតត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់តំបន់អាស៊ី នៅចុងឆ្នាំ២០២៦ និង២០២៧ ដែលអាចប៉ះពាល់ដល់ការផលិត និងការផ្គត់ផ្គង់កាហ្វេ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Nguyen Nam Hai ប្រធានសមាគមកាហ្វេវៀតណាម បាននិយាយថា កាហ្វេវៀតណាមមានឱកាសជាច្រើនដើម្បីពន្លឿនកំណើនទាំងបរិមាណ និងតម្លៃនៅក្នុងខែចុងក្រោយនៃឆ្នាំនេះ៕

