ស្ថាបនិកក្រុមហ៊ុន SoftBank ក្លាយជាមហាសេដ្ឋីមានបំផុតនៅអាស៊ី ចំពេលវិស័យ AI កំពុងផ្ទុះខ្លាំង

អន្តរជាតិ

លោក Masayoshi Son ស្ថាបនិកក្រុមហ៊ុន SoftBank Group បានវ៉ាដាច់មហាសេដ្ឋីកំពូលឥណ្ឌា Mukesh Ambani ដើម្បីក្លាយជាអ្នកមានបំផុតនៅអាស៊ី បន្ទាប់ពីការកើនឡើងនៃភាគហ៊ុនរបស់ក្រុមហ៊ុន SoftBank ដែលធ្វើឲ្យទ្រព្យសម្បត្តិសរុបកើនឡើងដល់ប្រមាណ ៩៧ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការកើនឡើងនៃភាគហ៊ុននេះ ក៏បានធ្វើឲ្យ SoftBank ក្លាយជាក្រុមហ៊ុនមានតម្លៃមូលធនទីផ្សារថ្លៃបំផុតនៅក្នុងប្រទេសជប៉ុន ដោយបានវ៉ាដាច់ទៅលើក្រុមហ៊ុនផលិតរថយន្តខ្នាតយក្ស Toyota ក្នុងពេលថ្មីៗនេះ ផងដែរ។

សហគ្រិនអាយុ ៦៨ឆ្នាំរូបនេះ ដែលទ្រព្យសម្បត្តិរបស់លោកភាគច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាគហ៊ុនរបស់ក្រុមហ៊ុន SoftBank ឥឡូវនេះស្ថិតនៅលំដាប់ខ្ពស់ជាងលោក Mukesh Ambani ប្រធានក្រុមហ៊ុន Reliance Industries ដែលមានទ្រព្យសម្បត្តិប្រមាណ ៩០ពាន់លានដុល្លារ។ នេះបើយោងតាមបញ្ជីមហាសេដ្ឋីតាមពេលវេលាជាក់ស្តែងរបស់ Forbes។

តម្លៃទីផ្សាររបស់ក្រុមហ៊ុន SoftBank បានកើនឡើងដល់ប្រហែល ២៩៨ពាន់លានដុល្លារ ដោយភាគហ៊ុនរបស់ខ្លួនបានកើនឡើងជាង ៨០% នៅឆ្នាំនេះ ខណៈពេលដែលវិនិយោគិនបានចាក់ការវិនិយោគយ៉ាងច្រើន ទៅលើយុទ្ធសាស្ត្របញ្ញាសិប្បនិម្មិត AI របស់ក្រុមហ៊ុន។

គួរជម្រាបជូនផងដែរថា ក្រុមហ៊ុន SoftBank បានប្តេជ្ញាចិត្តផ្តល់ប្រាក់ជាង ៦០ពាន់លានដុល្លារដល់ក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើត ChatGPT ខណៈពួកគេក៏បានវិនិយោគយ៉ាងច្រើនទៀត លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ AI នៅសហរដ្ឋអាមេរិក និងអឺរ៉ុបផងដែរ៕​