កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាលើទំហំនៃការវិនិយោគដែលបានគ្រោងទុករបស់ទីក្រុងសេអ៊ូល នៅក្នុងគម្រោងឧស្ម័នដ៏ធំមួយនៅរដ្ឋតិចសាស់ ដែលមានតម្លៃប្រមាណ ២២,៣ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

យោងតាមប្រភពដដែល បានបង្ហាញថាគម្រោងនេះ ដែលនឹងក្លាយជាការវិនិយោគលើកដំបូងរបស់កូរ៉េខាងត្បូងនៅសហរដ្ឋអាមេរិក ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីឆ្នាំមុន គឺមានគោលបំណងសាងសង់រោងចក្រឧស្ម័នកម្លាំង ៦,៣ ជីហ្គាវ៉ាត់ នៅ Encinal រដ្ឋតិចសាស់ ដើម្បីបំពេញតម្រូវការថាមពលកើនឡើងសម្រាប់មជ្ឈមណ្ឌលទិន្នន័យ AI។
គួរឲ្យដឹងថា ការវិនិយោគនេះនឹងជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខាដោយប្រទេសសម្ព័ន្ធមិត្តទាំងពីរកាលពីឆ្នាំមុន ក្រោមកិច្ចព្រមព្រៀងនេះ ទីក្រុងសេអ៊ូលបានសន្យាវិនិយោគក្នុងចំនួនទឹកប្រាក់សរុបរហូតដល់ ៣៥០ពាន់លានដុល្លារ នៅក្នុងទឹកដីសហរដ្ឋអាមេរិក ជាថ្នូរនឹងការកាត់បន្ថយអត្រាពន្ធគយលើទំនិញរបស់កូរ៉េខាងត្បូង។
ជម្រាបជូនផងដែរថា រដ្ឋាភិបាលទីក្រុងសេអ៊ូល ក៏កំពុងពិចារណាលើការវិនិយោគសម្រាប់គម្រោងដែលមានសក្តានុពលផ្សេងទៀតនៅសហរដ្ឋអាមេរិកផងដែរ រួមទាំងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរទ្រង់ទ្រាយធំ ឬគម្រោងឧស្ម័នធម្មជាតិរាវ នៅរដ្ឋអាឡាស្កាជាដើម៕

