ក្រុមហ៊ុន Jaguar Land Rover បាននិយាយកាលពីថ្ងៃទី៧ ខែកញ្ញា ថា ខ្លួននឹងកាត់បន្ថយការងារប្រហែល ៤ ០០០ កន្លែងក្នុងរយៈពេលពីរឆ្នាំខាងមុខ ឬប្រហែល ១០%នៃកម្លាំងពលកម្មសកលរបស់ខ្លួន ដែលនេះត្រូវបានចាត់ទុកថាជាការវាយប្រហារបន្ថែមទៀតដល់ឧស្សាហកម្មរថយន្តរបស់អឺរ៉ុប។ នេះបើតាមការចុះផ្សាពីសារព័ត៌មាន CNA។

ក្រុមហ៊ុន Jaguar Land Rover បានបង្ហាញគម្រោងកាត់បន្ថយបុគ្គលិកដោយស្ម័គ្រចិត្តរបស់ខ្លួននេះ ពោលគឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនរថយន្តយក្សរបស់អាល្លឺម៉ង់ Volkswagen ក៏បានប្រកាសកាត់បន្ថយការងារចំនួន ៥០ ០០០ កន្លែងផងដែរ។
យ៉ាងណាមិញ ជុំវិញបញ្ហានេះ បានកើតឡើងបន្ទាប់ពីភាពចលាចលជាច្រើនខែដែលបណ្តាលមកពីការវាយប្រហារតាមអ៊ីនធឺណិតលើក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់អង់គ្លេសមួយនេះ និងពន្ធគយលើរថយន្តដ៏ខ្ពស់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតរបស់ពិភពលោក នៅទូទាំងទ្វីបអឺរ៉ុប សហរដ្ឋអាមេរិក និងជប៉ុន ក៏កំពុងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងពីក្រុមហ៊ុនផលិតរថយន្តចិន ក៏ដូចជាតម្រូវការវិនិយោគយ៉ាងច្រើន ខណៈពេលដែលឧស្សាហកម្មនេះ កំពុងផ្លាស់ប្តូរទៅរករថយន្តអគ្គិសនី។
លោក PB Balaji នាយកប្រតិបត្តិរបស់ Jaguar Land Rover បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”ឧស្សាហកម្មរថយន្តប្រឈមមុខនឹងបញ្ហាប្រឈមសំខាន់ៗ ជាមួយនឹងការផ្លាស់ប្តូរបច្ចេកវិទ្យាក្នុងចំណោមការប្រកួតប្រជែងខ្លាំង និងភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយដែលកំពុងបន្ត”។ លោកក៏បានសង្កត់ធ្ងន់ទៀតថា ក្រុមហ៊ុនបានកំណត់គោលដៅសន្សំសំចៃថ្លៃដើមផលិតឲ្យបានចំនួន ១,៧ពាន់លានផោន (ឬប្រមាណ ២,៣ពាន់លានដុល្លារ) ក្នុងរយៈពេល ២ឆ្នាំខាងមុខ៕

