មហាសេដ្ឋី Formula One លោក Bernie Ecclestone ត្រូវបានឃាត់ខ្លួន នៅអាកាសយានដ្ឋានពីបទយកកាំភ្លើងខ្លីតាម

អន្តរជាតិ

អតីតប្រធាន Formula One លោក Bernie Ecclestone ត្រូវបានប៉ូលិសឃុំខ្លួននៅអាកាសយានដ្ឋានរបស់ប្រទេសព័រទុយហ្គាល់ កាលពីថ្ងៃទី៧ ខែកញ្ញា ហើយត្រូវបានដោះលែងវិញជាច្រើនម៉ោងក្រោយមក ពីបទកាន់កាប់អាវុធ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Ecclestone វ័យ ៩៥ឆ្នាំ បានមកដល់អាកាសយានដ្ឋាន Tires ជិតទីក្រុង Lisbon ជាកន្លែងដែលមន្ត្រីមកពីផ្នែកអាកាសយានដ្ឋាន បានរកឃើញកាំភ្លើងខ្លីមួយដើមនៅតាមខ្លួនរបស់លោក និងមិនមានឯកសារបញ្ជាក់ច្បាស់លាស់។

យ៉ាងណាមិញ​ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន Daily Mail លោក Ecclestone បានសារភាពថាលោកបានយកកាំភ្លើងនេះមកពីប្រទេសស្វីស សម្រាប់បាញ់សត្វព្រាបប៉ុណ្ណោះ។

លោក Ecclestone បាននិយាយទៀតថា ក្រុមប៉ូលិសបានឃាត់ខ្លួន និងសាកសួរលោកអស់រយៈពេលជាច្រើនម៉ោង ដោយសារតែលោកមិនមានឯកសារបញ្ជាក់ច្បាស់លាស់ ប៉ុន្តែក្រោយមកក្រុមការងាររបស់លោកបានដោះស្រាយបញ្ចប់បញ្ហានេះវិញ។

ជម្រាបជូនថា នេះមិនមែនជាលើកទីមួយទេដែលលោក Ecclestone ជួបបញ្ហាដោយសារកាន់អាវុធនៅអាកាសយានដ្ឋាន។ កាលពីខែឧសភា ឆ្នាំ២០២២ លោកក៏ធ្លាប់ត្រូវបានឃុំខ្លួននៅអាកាសយានដ្ឋាន Viracopos ក្នុងប្រទេសប្រេស៊ីល បន្ទាប់ពីប៉ូលីសបានរកឃើញកាំភ្លើងខ្លីនៅតាមខ្លួនរបស់លោកផងដែរ។ ពេលនោះ លោកគ្រាន់តែត្រូវបង់ប្រាក់ពិន័យ ហើយអាចចាកចេញពីព្រលានយន្តហោះដោយគ្មានបញ្ហាបន្ថែមទៀត៕​