ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»៨ កញ្ញា ២០០០ – ៨ កញ្ញា ២០២៦។

នាឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រធានបទដ៏សំខាន់មួយនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅ សំដៅ បង្កើនការយល់ដឹងកាន់តែទូលំទូលាយក្នុងចំណោមប្រជាពលរដ្ឋនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃកម្មវិធីអក្ខរកម្ម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍចំណេះដឹងមូលដ្ឋាន និងសមត្ថភាពជំនាញវិជ្ជាជីវៈ។
សម្តេចបន្តថា អក្ខរកម្មគឺជាមូលដ្ឋានគ្រឹះ នៃការលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន។ អក្ខរកម្មនៅក្នុងបរិបទសតវត្សទី២១ មិនត្រឹមតែនិយាយអំពី សមត្ថភាពអាន សរសេរ និងគណនាលេខនព្វន្តប៉ុណ្ណោះទេ ប៉ុន្តែបានរួមបញ្ចូលទាំងសមត្ថភាពប្រើប្រាស់ព័ត៌មាន ការគិតវិភាគ ការដោះស្រាយបញ្ហា អក្ខរកម្មឌីជីថល ភាពជាពលរដ្ឋសកល ពលរដ្ឋឌីជីថល ដែលចាំបាច់សម្រាប់ ការរស់នៅក្នុងពិភពលោកទំនើបប្រកបដោយបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជឿនលឿន។

ជាថ្មីម្តងទៀត សម្តេចធិបតី បានបញ្ជាក់ទៀតថា ស្របពេលដែលពិភពលោកកំពុងអបអរទិវាអក្ខរកម្មអន្តរជាតិ ប្រធានបទនេះក៏បានបំពេញបន្ថែមជាមួយនឹង ប្រធានបទនៃទិវាអក្ខរកម្មអន្តរជាតិ ដោយផ្តោតលើការកសាងមូលធនមនុស្សឱ្យមានចំណេះដឹង សមត្ថភាព សីលធម៌ ការទទួលខុសត្រូវ និងសមត្ថភាពក្នុងការរស់នៅ និងចូលរួមអភិវឌ្ឍសង្គមក្នុងបរិបទដែលពិភពលោកកំពុងផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស ដែលការណ៍នេះស្របជាមួយគ្នានឹងគោលដៅអភិវឌ្ឍន៍ជាតិ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ជាពិសេសគោលដៅទី៤ ស្តីពី «ការធានាការអប់រំ ប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងការលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់មនុស្សគ្រប់រូប»៕ អត្ថបទ៖ហ្សាលីន

