ឧស្សាហកម្មអាកាសចរណ៍សកល បានកាត់បន្ថយការព្យាករប្រាក់ចំណេញឆ្នាំ២០២៦ របស់ខ្លួន ស្ទើរតែពាក់កណ្តាល កាលពីថ្ងៃអាទិត្យ ដោយលើកឡើងពីជម្លោះនៅមជ្ឈិមបូព៌ាដែលបានជំរុញឱ្យតម្លៃប្រេងឥន្ធនៈកើនឡើង រំខានដល់ច្រករបៀងផ្លូវអាកាសសំខាន់ៗ និងបានបង្ហាញពីភាពផុយស្រួយនៃវិស័យមួយដែលដំណើរការលើប្រាក់ចំណេញតិចតួច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ដែលតំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ជាង ៣៧០ ឬស្មើប្រហែល ៨៥% នៃចរាចរណ៍ផ្លូវអាកាសសកល បាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដោយបង្ហាញពីប្រាក់ចំណេញសរុបប្រចាំឆ្នាំធ្លាក់មកនៅត្រឹម ២៣ពាន់លានដុល្លារ នៅឆ្នាំ២០២៦ ដែលទាបជាងការព្យាករពីមុនប្រហែល ៤១ពាន់លានដុល្លារ និងធ្លាក់ចុះពី ៤៥ពាន់លានដុល្លារនៅឆ្នាំ២០២៥។
ជុំវិញការកាត់បន្ថយនេះបង្ហាញពីការប៉ះពាល់យ៉ាងខ្លាំងរបស់ក្រុមហ៊ុនអាកាសចរណ៍នានា ទៅនឹងការប៉ះទង្គិចភូមិសាស្ត្រនយោបាយ និងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈ ទោះបីជាតម្រូវការអ្នកដំណើរនៅតែមានភាពធន់ក៏ដោយ។
យ៉ាងណាមិញ បើតាមលោក Willie Walsh អគ្គនាយក IATA បានប្រាប់ Reuters នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ស្ថាប័ននេះ នៅទីក្រុង Rio de Janeiro ថា៖” វាមានកត្តាសំខាន់ចំនួន២។ ទីមួយ គឺការកើនឡើងគួរឲ្យកត់សម្គាល់នៃតម្លៃប្រេងឥន្ធនៈយន្តហោះ ដែលខ្ពស់ជាងអ្វីដែលគ្មាននរណាម្នាក់ធ្លាប់រំពឹងទុក និងទីពីរ គឺការរំខានដល់ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងតំបន់ឈូងសមុទ្រ ដូច្នេះការរួមបញ្ចូលគ្នានោះ បាននាំឲ្យមានការកាត់បន្ថយការព្យាករចំពោះប្រាក់ចំណេញប្រចាំឆ្នាំ”។
យោងតាមលោក Walsh បាននិយាយទៀតថា ក្រុមហ៊ុនអាកាសចរណ៍តូចៗមួយចំនួនអាចប្រឈមមុខនឹងក្ស័យធន ឬត្រូវបានក្រុមហ៊ុនអាកាសចរណ៍ធំៗកាន់កាប់ជំនួសវិញ នៅឆ្នាំនេះ និងឆ្នាំក្រោយ ដោយសារតម្លៃប្រេងឥន្ធនៈកាន់តែកើនឡើងខ្ពស់៕

