ការវិនិយោគលើមាសរបស់សិង្ហបុរីកើនឡើងដល់ ២,២ តោន ក្នុងត្រីមាសទីពីរ

អន្តរជាតិ

យោងតាមរបាយការណ៍ផ្លុវការមួយបានបង្ហាញឲ្យដឹងថា ការវិនិយោករបស់សិង្ហបុរីលើដុំមាស និងកាក់មាស បានកើនឡើង ៣៧% ដល់ចំនួន ២,២ តោន នៅក្នុងត្រីមាសទីពីរ បើធៀបទៅនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាកក៏ដោយតួលេខនេះ នៅតែទាបជាង បើធៀបទៅនឹងការវិនិយោគខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់សិង្ហបុរី ដែលមានចំនួនរហូតដល់ទៅ ២,៥​ តោន​ដែលត្រូវបានកត់ត្រាទុក កាលពីក្នុងត្រីមាសទី១។ នេះបើតាមរបាយការណ៍ទទួលបានពីក្រុមប្រឹក្សាមាសពិភពលោក។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តម្រូវការគ្រឿងអលង្ការមាស នៅក្នុងប្រទេសសិង្ហបុរី បានធ្លាក់ចុះអស់ ៨% មកនៅត្រឹម ១,៥ តោន ដែលជំរុញដោយតម្លៃមាសកើនឡើងខ្ពស់ ដែលធ្វើឲ្យកាត់បន្ថយអំណាចនៃការទិញ ស្របពេលការប្រើប្រាស់គ្រឿងអលង្ការជាសកល ក៏បានធ្លាក់ចុះដល់កម្រិតទាបបំផុត ដូចគ្នាទៅនឹងអំឡុងពេលមានវិបត្តិកូវីដ-១៩ ផងដែរ។

គួរឲ្យដឹងថា នៅទូទាំងពិភពលោក ការវិនិយោគលើមាសដុំ និងកាក់មាស បានកើនឡើង ១១% ដល់ចំនួនសរុប ៣០៦,៨ តោន ដោយក្នុងនោះ ការវិនិយោគរបស់ប្រទេសចិននាំមុខគេ ជាមួយចំនួន ១១៥ តោន តាមពីក្រោយដោយឥណ្ឌា មានចំនួន ៤៦ តោន។

ជម្រាបជូនផងដែរថា ដោយសារតែភាពតានតឹងនៃភូមិសាស្រ្តនយោបាយ ការប្រែប្រួលទីផ្សារ និងភាពមិនប្រាកដប្រជានៃម៉ាក្រូសេដ្ឋកិច្ច បាននិងបន្តជំរុញឲ្យមានតម្រូវការវិនិយោគខ្លាំង ក្នុងមាស។នេះបើយោងតាមក្រុមប្រឹក្សាមាសពិភពលោក៕​