កងទ័ពថៃ ប្រើល្បិចហៅកងទ័ពកម្ពុជាទៅចាប់ដៃ និងភ្ជង់ព័ទ្ធចាប់កងកម្លាំង២០រូប នៅទិសជាំតែ ក្រោយបទឈប់បាញ់ចូលជាធរមាន

សង្គម​ និង​សេដ្ឋកិច្ច

នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ មេទ័ពជួរមុខកម្ពុជាមួយរូប បានប្រាប់អនុព័ន្ធយោធា និងមន្រ្តីទូតនានាចំនួន ១៣ប្រទេស ថាទាហានថៃ បានចាប់ខ្លួនទាហានកម្ពុជាចំនួន២០នាក់ នៅសមរភូមិជាំតែ ក្នុងនោះសង្ស័យស្លាប់២នាក់ ក្រោយបទឈប់បាញ់ចូលជាធរមាន នៅម៉ោង១២យប់ ឈានចូលថ្ងៃទី២៩ ខែកក្កដា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមមេបញ្ជាការសឹករងប្រចាំខេត្តព្រះវិហារ លោក ច័ន្ទ សុភ័ក្រា បានប្រាប់ទៅកាន់បណ្ដាអនុព័ន្ធយោធាមកពីប្រទេសចំនួន១៣ ដែលចុះពិនិត្យស្ថានភាពពិតតាមព្រំដែន នៅព្រឹកថ្ងៃពុធនេះថា ម្សិលមិញ ស្របពេលកម្ពុជាអត់ធ្មត់ កំពុងអនុវត្តបទឈប់បាញ់ កងទ័ពថៃ បានប្រើល្បិចហៅកងទ័ពកម្ពុជាទៅចាប់ដៃ និងភ្ជង់ព័ទ្ធចាប់កងកម្លាំង២០រូប នៅទិសជាំតែ ប៉ុន្តែមានម្នាក់បានរត់រួចខ្លួន ហើយបានរាយការណ៍មកថា សង្ស័យថៃបាញ់សម្លាប់កម្លាំង២នាក់ទៀត។

សូមជម្រាបថា នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ ថ្នាក់ដឹកនាំក្រសួងការពារជាតិ បានដឹកនាំអនុព័ន្ធយោធា ១៣ប្រទេស និងអង្គទូតបណ្ដាប្រទេសនានា សារព័ត៌មានជាតិ និង អន្តរជាតិ អញ្ជើញចុះមកអង្កេតការ និងផ្សព្វផ្សាយព័ត៌មាន ការអនុវត្តក្នុងស្មារតី បទឈប់បាញ់រវាងកម្ពុជា- ថៃ ដើម្បីសន្តិភាព នៅច្រកអានសេះ ក្នុងភូមិអានសេះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕