កម្ពុជា ថៃ ពិភាក្សាគ្នារកវិធីសាស្រ្តជំរុញ​​ការសាង​សង់​រចនា​​សម្ព័ន្ធឆ្លងកាត់​ព្រំដែននៅច្រកស្ទឹងបត់-បាន​ណងអៀន ដើម្បីដាក់ដំណើរការឱ្យបានឆាប់

សង្គម​និង​សេដ្ឋកិច្ច

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន​របស់​កម្ពុជា​ បាន ជួបពិភាក្សាការងារជាមួយលោក Saksayam Chidchob រដ្ឋមន្រ្តីក្រសួង​ដឹក​ជញ្ជូន​ថៃ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ដើម្បីពង្រឹកកិច្ច​សហ​ប្រតិបត្តិការរវាង​ប្រទេសទាំងពីរ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ទាំងក្នុងក្រប​ខណ្ឌ​ទ្វេភាគី និងក្នុងក្របខ័ណ្ឌតំបន់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងក្រុម​ការងារ​ជំនាញ​របស់​ប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈហ្វេសបុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានសរសេរថា ក្នុងជំនួប​តាម​រយៈប្រព័ន្ធវីដេអូពីចម្ងាយនោះ ភាគីទាំងពីរបានពិភាក្សារកវិធីសាស្រ្តជំរុញការអនុវត្ត​គម្រោ​ង​​សាង​សង់​រចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន (Cross Border Facilities) នៅច្រកទ្វារព្រំដែន​អន្តរ​ជាតិ​ស្ទឹងបត់-បានណងអៀន និងដាក់ឱ្យដំណើរការច្រកទ្វារព្រំដែននេះឱ្យបានឆាប់​ប្រកប​ដោយ​ប្រសិទ្ធភាព​សំដៅសម្រាលការកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-អារញ្ញប្រា​ថេត ការបើកច្រកទ្វារព្រំដែនផ្សេងទៀតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងកិច្ចព្រមព្រៀង​ដឹក​​ជញ្ជូនឆ្លងកាត់ព្រំដែន ក្នុងគោលបំណងបង្កើនការតភ្ជាប់ បង្កើនទំហំពាណិជ្ជកម្ម ទាក់ទាញ​ទេសចរណ៍ និងវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។

ភាគីកម្ពុជា ថៃ ក៏បានពិភាក្សាផងដែរអំពីការអភិវឌ្ឍធនធានមនុស្ស ដោយភាគីថៃបាន​សម្តែង​ការគាំទ្រ​ដល់ការបង្កើតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងមានបំណង​គាំទ្រការបណ្តុះបណ្តាលទៅតាមសំណើរបស់វិទ្យាស្ថានផងដែរ។

ថ្លែងទៅកាន់ភាគីថៃ លោក ស៊ុន ចាន់ថុល លើកឡើងថា ការតភ្ជាប់ហេដ្ឋារចនា​សម្ព័ន្ធរូបវន្តរវាង​ប្រទេសទាំងពីរ មិនគ្រាន់តែបង្កើនទំហំ​នៃការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងជាកត្តាគន្លឹះ​ជួយជំរុញដល់កំណើនពាណិជ្ជកម្ម និងការអភិវឌ្ឍ​សេដ្ឋកិច្ចរបស់​ប្រទេសទាំងពីរផងដែរ។

លោក ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីថៃ ដែលបានផ្តល់​ហិរញ្ញប្ប​ទានដល់កម្ពុជា ក្នុងគម្រោងសាងសង់រចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន និងស្ពានមិត្តភាព​កម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន ដែលគម្រោងទាំងពីរនេះ នឹងជួយសម្រាលដល់​ការកក​ស្ទះនៅ​ច្រកទ្វារព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត និងជំនួយជាដែករ៉ៃប្រើរួច​ប្រវែង១៤០​គីឡូម៉ែត្រ រួមទាំងកំណល់ និងក្រចាប់ ជាប្រយោជន៍សម្រាប់ប្រើប្រាស់​នៅក្នុងវិស័យផ្លូវដែក​នៅកម្ពុជា ៕