ពន្ធដារ រកចំណូលបានជិត ១ ៦០០លានដុល្លារ ត្រឹមរយៈពេល៤ខែ

សង្គម​និង​សេដ្ឋកិច្ច

រយៈពេល ៤ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៦ ៤៤២,៥៤ ប៊ីលានរៀល (ប្រមាណជា ១ ៥៩០,៧៥ លានដុល្លារ) ស្មើនឹង ៤៤,៥៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។នេះបើតាមការឱ្យដឹងពី របាយការណ៍ចំណូលពន្ធ-អាករ តរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែមេសា និងសម្រាប់ រយៈពេល ៤ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក សម្រាប់ក្នុងខែមេសា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៩៨៤,៥៩ ប៊ីលានរៀល (ប្រមាណជា ២៤៣,១១ លានដុល្លារ) ស្មើនឹង ៦,៨១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា «ស្ថានភាពល្អប្រសើរនៃចំណូលសម្រាប់រយៈពេល ៤ខែ ឆ្នាំ២០២៣ គឺអាស្រ័យដោយស្ថានភាពនៃចំណូលពន្ធ ក្នុងខែ មករា-មីនា ឆ្នាំ២០២៣ បានហក់ឡើងខ្ពស់ ហើយដែលជារដូវកាលនៃការប្រកាសនិងបង់ប្រាក់ពន្ធលើ ប្រាក់ចំណូល ប្រចាំឆ្នាំ២០២២»។

គួរឱ្យដឹងផងដែរថា រយៈពេល៣ខែ ពោលចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ រកចំណូលបានពីពន្ធ-អាករគ្រប់ប្រភេទបានជាង ១៣០០លានដុល្លារ កើនឡើងប្រមាណជាង៦%។បើប្រៀបធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នាឆ្នាំ២០២២ ឃើញថាកើនឡើងចំនួន ៣២៦,៩៧ ប៊ីលានរៀល ឬប្រមាណជា ៨០,៧៣ លានដុល្លារ ស្មើនឹង ៦,៣៩%៕