ក្រសួងសេដ្ឋកិច្ច កំពុងជំរុញសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្ដីពី “«តួនាទីនៃវិស័យធានារ៉ាប់រង និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា» កាលថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០២២ ដើម្បីផ្សព្វផ្សាយ គោលនយោបាយ និងក្របខណ្ឌបទប្បញ្ញត្តិកម្ពុជា ទាក់ទងនឹងឌីជីថលូបនីយកម្មក្នុងវិស័យធានារ៉ាប់រង និងដើម្បី ប្រមូលធាតុចូលសម្រាប់សេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សិក្ខាសាលានេះ ធ្វើឡើងក្រោមវត្តមាន របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា និងដៃគូរពាក់ព័ន្ធសរុបចំនួន ១២៤ រូប។

ឯកឧត្តម រស់ សីលវ៉ា បានលើកឡើងថា«ទោះបីជាវិស័យធានារ៉ាប់រងបាននិងកំពុងរីកចម្រើន និងមានសក្តានុពល យ៉ាងណាក្តីបច្ចេកវិទ្យាធានារ៉ាប់រងក្នុងប្រទេសកម្ពុជានៅមានភាពក្មេងខ្ចីនៅឡើយ និងកំពុងជួបប្រទះនូវ បញ្ហាប្រឈមមួយចំនួនផងដែរ រួមមាន៖ កង្វះខាតនូវក្របខណ្ឌបទប្បញ្ញត្តិក្នុងការគ្រប់គ្រងលើអាជីវកម្ម ធានារ៉ាប់រងបែបឌីជីថល, កង្វះខាតនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជាបរិស្ថានសាកល្បង (regulatory sandbox) និងបណ្តាញអ៊ីនធឺណិតនៅតំបន់ជនបទកង្វះខាតនូវការគាំទ្រពីតួអង្គនានាក្នុងប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាធានារ៉ាប់រង ទាំងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាអក្ខរកម្មផ្នែកឌីជីថលរបស់ប្រជាជននៅមានកម្រិតទាបនៅឡើយ»។

ជាមួយគ្នានេះដែរ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងដែរថា  ជាយន្តការបន្ទាប់ ក្រុមការងារត្រូវបន្តកិច្ចសហការជាមួយដៃគូពាក់ព័ន្ធនានា សំដៅបន្តលើក កម្ពស់សហថាមពល និងការសហការបង្កើតថ្មី ពិសេសក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យ បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឱ្យមានលក្ខណៈប្រទាក់ក្រឡាគ្នា។

គួរបញ្ជាក់ដែរថា តាមរយៈការពិភាក្សានិងបទពិសោធជាក់ស្ដែងពីសំណាក់ភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ក៏ប្រមូលបាននូវធាតុចូលល្អៗជាច្រើន សម្រាប់ធ្វើជាមូលដ្ឋានក្នុងការ តាក់តែងសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ប្រកបដោយប្រសិទ្ធភាព និង ភាពគ្រប់ជ្រុងជ្រោយ៕