ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាឱ្យអភិបាលរាជធានីភ្នំពេញត្រៀមរថយន្តក្រុងទុកដឹកបងប្អូនកម្មករទៅភ្ជុំបិណ្ឌឥតគិតថ្លៃ

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងចេញពីក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងជំនួបជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នាព្រឹកថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រកាសណែនាំឲ្យអភិបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង ដើម្បីដឹកបងប្អូនកម្មករ កម្មការិនីទៅលេងស្រុកកំណើត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលចំណាយថវិកាប្រមាណ ៦០ម៉ឺនដុល្លារជារៀងរាល់ឆ្នាំ ដើម្បីដឹកប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ ការចំណាយដើម្បីប្រយោជន៍ប្រជាពលរដ្ឋ គឺរដ្ឋមិនសោកស្តាយនោះទេ។

ការចេញបញ្ជាឱ្យបញ្ចេញរថយន្តក្រុងសារធារណៈ ដើម្បីត្រៀមសម្រួលលើការដឹកជញ្ជូនកម្មករ-កម្មការិនី ទៅបុណ្យភ្ជុំបិណ្ឌ នៅតាមបណ្តាខេត្ត គឺធ្វើឡើងដោយឥតគិតថ្លៃ ព្រោះរាជរដ្ឋាភិបាលយល់ថា កម្មករ-កម្មការិនី អាចនឹងសម្រុកទៅកាន់បណ្តាខេត្តមានចំនួនច្រើន ដែលបង្កឱ្យមានការដំឡើងថ្លៃរថយន្តឈ្នូលនាឱកាសនោះ។

សូមរំលឹកដែរថា នាពេលកន្លងទៅរាល់ពិធីបុណ្យប្រពៃណីជាតិម្តងៗ រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ចេញរថយន្តក្រុងសាធារណៈដើម្បីដឹកជញ្ជូនកម្មករ-កម្មការិនី បងប្អូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើតនៅតាមបណ្តាខេត្តជាច្រើនលើកច្រើនសា។ កាលពីខែកក្កដា កន្លងទៅសាលារាជធានីភ្នំពេញ ក៏បានបញ្ចេញរថយន្តក្រុងសារធារណៈចន្លោះពី៣០០ ទៅ៣៥០គ្រឿង ដើម្បីសម្រួលលើការដឹកជញ្ជូនកម្មករ-កម្មការិនី និងបងប្អូនប្រជាពលរដ្ឋទៅបោះឆ្នោតនៅតាមបណ្តាខេត្ត ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រួចមកហើយ៕ អត្ថបទ៖ ពិសី