នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រកាសនៅថ្ងៃពុធថា លោកបានទាក់ទងជាមួយមេដឹកនាំថៃ និងកម្ពុជា ហើយភាគីទាំងពីរបានបង្ហាញបំណងចង់ដោះស្រាយជម្លោះព្រំដែនរបស់ពួកគេឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bloomberg កាលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងជួបប្រជុំគ្នានៅថ្ងៃទី២២ ខែធ្នូ សប្តាហ៍ក្រោយ ដើម្បីព្យាយាមបញ្ចុះបញ្ចូលប្រទេសទាំងពីរថា សន្តិភាពគឺជារឿងចាំបាច់បំផុត។ កិច្ចប្រជុំនេះត្រូវបានពន្យារពេលតាមសំណើរបស់ថៃ និងកម្ពុជា ម្តងរួចមកហើយកាលពីលើកមុន។
សូមជម្រាប់ដែរថា អំពើឈ្លានពានរបស់កងទ័ពសៀម បានឈានមកដល់១២ថ្ងៃហើយ បង្កឱ្យមានមនុស្សស្លាប់ និងរបួស ហើយប្រជាពលរដ្ឋខ្មែរស្ទើរតែកន្លះលាននាក់ កំពុងរត់ភៀសសឹក និងកុមាររាប់សិបម៉ឺននាក់ បានបាត់បង់ការសិក្សា កង្វះអនាម័យ និងងាយរងហានិភ័យ ពីការឆ្លងជំងឺ និងរស់នៅទាំងការភ័យតក់ស្លុតជាទីបំផុត៕ អត្ថបទ៖ហ្សាលីន

