លោក សុខ ខាវ៉ាន់៖ កម្ពុជាមិនខ្វះសន្និធិប្រេងឥន្ធនៈ ខណៈការនាំចូលបច្ចុប្បន្នក៏មិនដែលឆ្លងកាត់ដែនសមុទ្រថៃដែរ

សង្គម​ និង​សេដ្ឋកិច្ច

លោក សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានលើកឡើងថា កម្ពុជាមិនខ្វះទេសន្និធិប្រេងឥន្ធនៈ ហើយការនាំចូលបច្ចុប្បន្នក៏មិនដែលឆ្លងកាត់ដែនសមុទ្រថៃដែរ។ លោកបានលើកឡើងបែបនេះ បន្ទាប់ពីយោធាថៃ កាលពីពេលថ្មីៗនេះ បានចេញបញ្ជាឱ្យបិទច្រកឈូងសមុទ្រថៃ ដើម្បីស្ទាក់ចាប់ប្រេង និងសម្ភារយោធា ដែលប្រទេសថៃបានចោទប្រកាន់ថា បានដឹកចូលក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សុខ ខាវ៉ាន់ បានគូសបញ្ជាក់ថា កម្ពុជាមានសន្និធិប្រេងនិងឧស្ម័នឥន្ធនៈដែលមានស្រាប់ក្នុងស្រុក ប្រភពនាំចូល និងមធ្យោបាយដឹកជញ្ជូនគ្រប់គ្រាន់ ដើម្បីធានាដល់តម្រូវការធម្មតារៀងរាល់ថ្ងៃរបស់ប្រជាពលរដ្ឋ។

តាមការណែនាំដ៏ខ្ពង់ខ្ពស់ពី លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល អគ្គនាយកដ្ឋានប្រេងកាតបានរៀបចំកិច្ចប្រជុំដើម្បីជំរុញការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយប្រេងនិងឧស្ម័នឥន្ធនៈ។ ជាមួយគ្នានេះ មន្ត្រីមន្ទីរ៉ែនិងថាមពលនៅបណ្ដាខេត្តជាប់ព្រំដែន ក៏បានខ្នះខ្នែងជួយសម្របសម្រួលនិងធានាការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយប្រេងនិងឧស្ម័នឥន្ធនៈផងដែរ។

គួររម្លឹកថា កាលពីពេលថ្មីៗនេះ ក្រុមមេបញ្ជាការយោធាថៃបាន បានប្រកាសរឹតបន្តឹងដែនសមុទ្រ ដើម្បីទប់ស្កាត់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងទំនិញយុទ្ធសាស្ត្រដល់កម្ពុជា។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន របស់កម្ពុជា បានលើកឡើងថា ​កម្ពុជាមិនមែនក្មេងបៀមដៃទេ ព្រោះកម្ពុជា មានច្រកដឹកទំនិញសមុទ្រចម្រុះ និងប្រទាក់ក្រឡា ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព និងម្ចាស់ការលើគ្រប់ទម្រង់ ស្របតាមច្បាប់ និងវិធានអន្តរជាតិ៕