អ្នកជំនួញកម្ពុជា-វៀតណាម ប្រមាណ១០០ក្រុមហ៊ុន ជួបគ្នានៅហូជីមីញ ដោះបញ្ហាប្រឈមក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក

សង្គម​និង​សេដ្ឋកិច្ច

អ្នកឧកញ៉ា ស៊ិន ចន្ធី ដឹកនាំសមាជិកសមាគមភស្តុភារកម្មកម្ពុជាប្រមាន ៥០ក្រុមហ៊ុន ជួបពិភាក្សាជាមួយក្រុមអ្នកជំនួញជនជាតិវៀតណាមប្រមាណ ៥០ក្រុមហ៊ុន ដើម្បីដោះបញ្ហាការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរលើវិស័យដឹកជញ្ជូន និងឡូជីស្ទីក នៅទីក្រុងហូជីមីញ កាលពីថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ ភាគីទាំងពីរក៏បានបង្ហាញ និងពិភាក្សាអំពីវិស័យពាណិជ្ជកម្មដឹកជញ្ជូនគ្រប់មធ្យោបាយទាំងផ្លូវទឹក ផ្លូវគោក ឆ្លងកាត់ព្រំដែន និងផ្លូវអាកាស បញ្ហាប្រឈម ដំណើរការអំពីការដឹកជញ្ជូន និងឪកាសដៃគូពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

កិច្ចពិភាក្សាដែលផ្តោតលើពាណិជ្ជកម្ម និងដឹកជញ្ជូន ធ្វើឡើងក្រោមកិច្ចសហការរវាងសមាគមភស្តុភារកម្មពាណិជ្ជកម្មវៀតណាម និង សមាគមភស្តុភារកម្មកម្ពុជា ដើម្បីឲ្យក្រុមវិនិយោគិនមានឪកាសចាប់ដៃគូពាណិជ្ជកម្មរវាងប្រទេសទាំងពីរលើវិស័យដឹកជញ្ជូនអន្តរជាតិនិងភស្តុភារកម្ម ដែលជាវិស័យមួយសំខាន់បំផុតសម្រាប់កំណើនសេដ្ឋកិច្ចជាតិរបស់ប្រទេសនីមួយៗលើសកលលោក។

ក្រៅពីពិភាក្សាជាមួយអ្នកជំនួញក្នុងវិស័យដូចគ្នា ប្រតិភូកម្ពុជា ក៏គ្រោងជួបប្រជុំជាមួយគយវៀតណាម និងគយកម្ពុជានៅព្រំដែនម៉ុកបៃ និងបាវិត ដើម្បីសិក្សា និងពង្រឹងការអនុវត្តបែបបទនាំចេញនាំចូលរវាងប្រទេសទាំងពីរផងដែរ។ ការជួបពិភាក្សានេះដើម្បីធ្វើយ៉ាងណាឲ្យការដឹកជញ្ជូនទំនិញចេញចូលរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ។

សូមជម្រាបថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម​បាន​ឡើង​ដល់​ជិត ១០​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០២១កន្លងទៅ បើ​ទោះ​ជា​មាន​វិបត្តិ​កូវីដ​-១៩ ក៏ដោយ។ ខណៈដែលភាគីទាំងពីរបានប្តេជ្ញាថានឹងធ្វើឲ្យមានឈានដល់កម្រិត ១០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។

យ៉ាងណា បើទោះជាមានផលប៉ះពាល់ពីជំងឺកូវីដ-១៩ក៏ដោយ ក៏ពាណិជ្ជកម្មសរុបរវាងវៀតណាម និងកម្ពុជាបានឈានដល់ ៩.៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ដែលជាការឈានទៅមុខយ៉ាងខ្លាំងចំនួន ៧៥ ភាគរយបើធៀបនឹងឆ្នាំ ២០២០។​ នេះបើតាម​ទិន្នន័យ​ពី​ការិយាល័យ​ពាណិជ្ជកម្ម​វៀតណាម​នៅ​កម្ពុជា។

ក្នុងឆ្នាំ ២០២១ ក្រុមហ៊ុនវៀតណាមបានចាក់បញ្ចូលទឹកប្រាក់ជាង ៨៨,៩ លានដុល្លារទៅក្នុងគម្រោងថ្មីចំនួន ៤ នៅក្នុងកម្ពុជា ចំនួននេះបានបង្កើនការវិនិយោគសរុបរបស់វៀតណាមដល់ទៅជាង ២,៨៤ ពាន់លានដុល្លារ ដែលធ្វើឲ្យវៀតណាមក្លាយជាអ្នកវិនិយោគបរទេសធំជាងគេមួយក្នុងចំណោមវិនិយោគិនបរទេសធំជាងគេទាំងប្រាំនៅកម្ពុជា។

ការិយាល័យពាណិជ្ជកម្មដដែល បង្ហាញថា ប្រាក់ចំណូលនាំចូល និងនាំចេញរវាងប្រទេសទាំងពីរត្រូវបានរាយការណ៍ថាមានចំនួន ៨,៦៣ ពាន់លានដុល្លារក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំនេះ ដែលកើនឡើងយ៉ាងខ្លាំងចំនួន ៨៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ហើយប្រាក់ចំណូលពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងដល់ ៩,៣ ពាន់លានដុល្លារអាមេរិកនៅចុងឆ្នាំ ២០២១ ដែលជាកើនឡើងដល់បួនពាន់លានដុល្លារក្នុងរយៈពេលដូចគ្នានៅកាលពីឆ្នាំ ២០២០។

ទន្ទឹមនឹងនេះ កម្ពុជាក៏បានឃើញក្រុមផលិតផលចំនួន ៩ប្រភេទក្នុងចំណោម ១១ ប្រភេទដែលបាននាំចេញទៅប្រទេសវៀតណាមជាមួយនឹងកំណើនវិជ្ជមានរួមមានបន្លែ ផ្លែឈើ គ្រាប់ស្វាយចន្ទី កៅស៊ូ និងផលិតផលផ្សេងៗទៀត។ ចំណែកផលិតផលវៀតណាមចំនួន ២៤ ក្នុងចំណោម ២៩ ក្រុមដែលនាំចូលមកកម្ពុជាឃើញថា មានកំណើនវិជ្ជមានក្នុងរយៈពេល ១១ ខែ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន រួមមានបន្លែ ដំឡូង និងផ្លែឈើ ចំណីសត្វ និងវត្ថុធាតុដើម ប្រេងឥន្ធនៈ និងប្រេង ជី និងផលិតផលផ្សេងៗទៀត៕