តុលាការកំពូលរបស់ប្រទេសឥណ្ឌា បានបញ្ជាឲ្យបើកការស៊ើបអង្កេតលើការចោទប្រកាន់ពីបទនាំចូលសត្វព្រៃដោយខុសច្បាប់ និងការប្រព្រឹត្តិខុសផ្នែកហិរញ្ញវត្ថុ នៅឯសួនសត្វឯកជនដ៏ធំមួយ ដែលបង្កើតឡើងដោយកូនប្រុសមហាសេដ្ឋីមានដាច់គេ នៅអាស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The National។

Vantara ត្រូវបានស្គាល់ថាជាសួនសត្វឯកជន និងជា “មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃដ៏ធំបំផុតរបស់ពិភពលោក” គ្រប់គ្រងដោយ លោក Anant Ambani ដែលត្រូវជាកូនប្រុសរបស់ លោក Mukesh Ambani មហាសេដ្ឋីមានបំផុតរបស់ប្រទេស និងជាប្រធានក្រុមហ៊ុន Reliance Industries ។
យោងតាមអាជ្ញាធរសួនសត្វកណ្តាលរបស់ប្រទេសឥណ្ឌា បាននិយាយថា Vantara ដែលមានទីតាំងស្ថិតនៅភាគខាងលិចនៃរដ្ឋ Gujarat គឺជាជម្រកសត្វដំរីជាង ២០០ ក្បាល ព្រមទាំងសត្វខ្លាឃុំ ៥០ ក្បាល ខ្លា ១៦០ ក្បាល តោ ២០០ ក្បាល ខ្លារខិន ២៥០ ក្បាល និងក្រពើ ៩០០ ក្បាល ក្នុងចំណោមសត្វព្រៃជាច្រើនផ្សេងទៀត។
កាលពីដើមសប្តាហ៍នេះ តុលាការកំពូលឥណ្ឌា បាននិយាយថា ខ្លួនបានបញ្ជាឲ្យក្រុមមន្ត្រីរបស់ខ្លួន បើកការស៊ើបអង្កេតលើសួនសត្វ Vantara បន្ទាប់ពីទទួលបានពាក្យបណ្តឹងថា សួនសត្វនេះ បានទិញយកសត្វព្រៃមកដោយខុសច្បាប់ ជាពិសេសសត្វដំរី រួមទាំងការរំលោភបំពានលើច្បាប់សត្វព្រៃផ្សេងទៀត និងការលាងលុយកខ្វក់ ផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជុំវិញពាក្យបណ្តឹងនេះ ខាងសួនសត្វ Vantara បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងនៅតែប្តេជ្ញាចិត្តចំពោះតម្លាភាព ក្តីមេត្តា និងការអនុលោមតាមច្បាប់ពេញលេញ ហើយនឹងបន្តចូលរួមដល់ដំណើរការស៊ើបអង្កេតនេះ ៕

