តម្លៃប្រេងអន្តរជាតិ នៅថ្ងៃអង្គារនេះ បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងរយ:ពេលជាងមួយសប្តាហ៍ចុងក្រោយ បន្ទាប់ពីប្រធានធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាបទឈប់បាញ់ពេញលេញមួយត្រូវបានព្រមព្រៀងគ្នារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដោយបានបន្ធូរបន្ថយការព្រួយបារម្ភអំពីការរំខានការផ្គត់ផ្គង់ នៅក្នុងតំបន់។
បើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងថា ប្រេងឆៅនាពេលអនាគត ប្រភេទ Brent បានធ្លាក់ចុះអស់ ២,៦៩ដុល្លារ ឬស្មើ ៣,៧៦% មកនៅត្រឹម ៦៨,៧៩ដុល្លារ ក្នុងមួយធុងបារ៉ែល បន្ទាប់ពីមានការធ្លាក់ចុះអស់ច្រើនជាង ៤% នៅក្នុងវគ្គជួញដូរចុងក្រោយ និងឈានដល់កម្រិតទាបបំផុតមិនធ្លាប់មាន ចាប់តាំងពីថ្ងៃទី១១ ខែមិថុនាមក។
ទន្ទឹមនឹងនេះ ប្រេងឆៅប្រភេទ West Texas Intermediate របស់អាមេរិក ក៏បានធ្លាក់ចុះ ២,៧ដុល្លារ ឬស្មើ ៣,៩៤% មកនៅត្រឹម ៦៥,៤៦ដុល្លារ ក្នុងមួយធុងបារ៉ែល ដោយបានឈានដល់កម្រិតទាប់បំផុត គិតចាប់តាំងពីថ្ងៃទី៩ ខែមិថុនាមក។
ជុំវិញការធ្លាក់ចុះនៃតម្លៃប្រេងទាំងពីរប្រភេទនេះ បានកើតឡើង បន្ទាប់ពីលោក ត្រាំ បានប្រកាសកាលពីថ្ងៃចន្ទថា អ៊ីស្រាអែល និងអ៊ីរ៉ង់ បានយល់ព្រមទាំងស្រុងលើបទឈប់បាញ់ពេញលេញមួយ ដោយបន្ថែមថា អ៊ីរ៉ង់នឹងចាប់ផ្តើមឈប់បាញ់មុន ហើយអ៊ីស្រាអែលនឹងឈប់តាមក្រោយ បន្ទាប់ពី ១២ម៉ោង។ ប្រសិនបើភាគីទាំងសងខាងរក្សាសន្តិភាព សង្គ្រាមនឹងបញ្ចប់ជាផ្លូវការក្រោយរយៈពេល ២៤ម៉ោង ដោយបញ្ចប់ជម្លោះរយៈពេល ១២ថ្ងៃ។
ជម្រាបជូនថា អ៊ីរ៉ង់គឺជាប្រទេសផលិតប្រេងឆៅធំជាងគេទី៣3 របស់អង្គការ OPEC ហើយការបន្ធូរបន្ថយភាពតានតឹងនឹងអនុញ្ញាតឲ្យប្រទេសនេះ នាំចេញប្រេងកាន់តែច្រើន និងការពារការរំខានដល់ការផ្គត់ផ្គង់ ដែលជាកត្តាដ៏សំខាន់ដើម្បីបន្ទាបតម្លៃប្រេង ដែលកំពុងមានការកើនឡើងយ៉ាងខ្លាំង ក្នុងរយ:ពេលប៉ុន្មានថ្ងៃថ្មីៗនេះ៕