កាលពីរសៀលថ្ងៃព្រហ្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានបន្តដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាដែលរួមមានសមាសភាព អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូប បានបន្តចូលរួមគោរពវិញ្ញាណក្ខន្ធ លោកនាយចំណង់ ម៉ៅ ស៊ា អាយុ៤១ឆ្នាំ ជាកងទ័ពនៅកងពលតូចអន្តរាគមន៍លេខ៨ វរៈសេនាតូចលេខ៣៨២ ចំណុះកងអនុសេនាធំគាំទ្រ ដែលបានពលីនៅក្នុងសមរភូមិតំបន់ភ្នំទ្រព្យ ដើម្បីការពារបូរណភាពភាពទឹកដីក្នុងការប្រយុទ្ធជាមួយកងទ័ពឈ្លានពានសៀមកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ដោយពិធីបុណ្យសពកំពុងប្រារព្ធធ្វើនៅគេហដ្ឋានស្ថិតនៅភូមិព្រៃជួរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានពាំនាំនូវការចូលរួមរំលែកទុក្ខពីលោកអ្នកឧកញ៉ាប្រធាន ក៏ដូចជាលិខិតរំលែកមរណទុក្ខពីសមាគមឧកញ៉ាកម្ពុជា ជូនក្រុមគ្រួសារ នៃសពចំពោះមរណភាពរបស់លោកនាយចំណង់ ម៉ៅ ស៊ា ដែលជាកុលបុត្រខ្មែរមួយរូបប្រកបដោយវីរភាពដ៏អង់អាចក្លាហានពោរពេញដោយស្មារតីស្នេហាជាតិមាតុភូមិ។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកនាយចំណង់ ម៉ៅ ស៊ា សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ វីរភាពដ៏អង់អាចរបស់លោកនឹងស្ថិតក្នុងការចងចាំក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់រូបគ្មានថ្ងៃបំភ្លេចបាន៕






