ក្លិបអ្នកកាសែតកម្ពុជា៖ សារព័ត៌មានថៃមួយចំនួន កំពុងផ្សព្វផ្សាយព័ត៌មានខុសពីការពិតពីបទឈប់បាញ់

សង្គម​ និង​សេដ្ឋកិច្ច

ក្លិបអ្នកកាសែតកម្ពុជា បានកត់សម្គាល់ឃើញថា ការផ្សាយព័ត៌មានមួយចំនួននៅប្រទេសថៃ ដូចជា Khaosod និង The Nation Thailand បាននឹងកំពុងផ្សព្វផ្សាយព័ត៌មានខុសពីការពិត ទាក់ទងទៅនឹងស្ថានការណ៍នៃជម្លោះតាមបណ្តោយព្រំដែនរវាងកម្ពុជានិងថៃ ពិសេសទាក់ទងទៅនឹងបទឈប់បាញ់ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ នៅកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្លិបអ្នកកាសែតកម្ពុជាបានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានខុសពីការពិតរបស់សារព័ត៌មានថៃខាងលើនេះ គឺមិនគ្រាន់តែបង្ហាញឱ្យឃើញពីការខ្វះវិជ្ជាជីវៈ ដែលនាំទៅដល់ការបាត់បង់ជំនឿលើសារព័ត៌មាននៅក្នុងកាលៈទេសៈដ៏សំខាន់នេះទេ ប៉ុន្តែវានាំឱ្យមានការភាន់ច្រឡំ និងប៉ះពាល់ដល់ស្ថានភាពពិតនៅតាមតំបន់ព្រំដែន និងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ក្នុងការស្វែងរកដំណោះស្រាយសន្តិភាពដោយមានការគាំទ្រពីអន្តរជាតិ។

ក្លិបអ្នកកាសែតកម្ពុជា បានអំពាវនាវដល់សារព័ត៌មានថៃមួយចំនួននោះ សូមប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ត្រួតពិនិត្យប្រភពព័ត៌មាន និងផ្ទៀងផ្ទាត់ដោយការប្រុងប្រយ័ត្ន និងចូលរួមកាត់បន្ថយភាពតានតឹងនៃជម្លោះតាមរយៈអត្ថបទដែលមិនញុះញង់បែបជាតិនិយម ឬប្រកាន់ពូជសាសន៍ជាដើម ប៉ុន្តែជួយជំរុញ និងលើកទឹកចិត្តដល់ការសន្ទនា ឬការព្រមព្រៀងជាវិជ្ជមានរវាងប្រទេសទាំងពីរ។

ក្លិបអ្នកកាសែតកម្ពុជា បន្តចូលរួមជាមួយអ្នកសារព័ត៌មានទាំងពីរប្រទេស ដែលកំពុងផ្សព្វផ្សាយ ព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ និងបន្តការប្តេជា្ញចិត្ត ក្នុងការការពារសេរីភាពសារព័ត៌មាន និងប្រឆាំងព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ។