ក្រុមហ៊ុនបិតាវិនិយោគ​ Warren Buffett ខាតលុយអស់ជិត ៤ពាន់លានដុល្លារ ក្នុងអាជីវកម្មចំណីអាហារ

អន្តរជាតិ

ក្រុមហ៊ុន Berkshire Hathaway របស់បិតាវិនិយោគ Warren Buffett កាលពីពេលថ្មីៗនេះ បានប្រកាសពីខាតបង់ជិត ៣,៨ពាន់លានដុល្លារ ពីការវិនិយោគរបស់ខ្លួន នៅក្នុងក្រុមហ៊ុនចំណីអាហារ Kraft Heinz។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញព័ត៌មាននេះ ត្រូវបានប្រកាសដោយក្រុមហ៊ុន Berkshire នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ត្រីមាសទី២ របស់ខ្លួន ដែលបិទបញ្ចប់កាលពីថ្ងៃទី២ ខែសីហាកន្លងទៅ។

យោងតាមរបាយការណ៍ចុងក្រោយនេះ ក្រុមហ៊ុន Berkshire បច្ចុប្បន្នកាន់កាប់ភាគហ៊ុន ២៧,៤% នៅក្នុង Kraft Heinz ជាមួយនឹងតម្លៃភាគហ៊ុន បានធ្លាក់ចុះអស់ ៣,៧៦ពាន់លានដុល្លារ។ ពីមុនមកក្រុមហ៊ុនចំណីអាហារដ៏ល្បីល្បាញនេះ ធ្លាប់បានប្រកាសពីស្ថានភាពលំបាករបស់ខ្លួន និងពិចារណារកដំណោះស្រាយជាយុទ្ធសាស្ត្រ រួមទាំងការបំបែកក្រុមហ៊ុន ផងដែរ។

ជម្រាបជូនថា កាលពី ១០ឆ្នាំមុន Berkshire បានទិញយក Kraft Foods ដោយបញ្ចូលវាជាមួយ HJ Heinz ដើម្បីបង្កើតជាក្រុមហ៊ុន Kraft Heinz ។ នៅឆ្នាំ២០១៩ ក្រុមហ៊ុនបានកត់ត្រាការខាតបង់លើកដំបូងរបស់ខ្លួនចំនួន ៣ពាន់លានដុល្លារពីការវិនិយោគលើក្រុមហ៊ុននេះ។ នៅពេលនោះ លោក Buffett បានសារភាពថា ការវិនិយោគលើក្រុមហ៊ុនអាហារនេះ គឺជាកំហុសធំបំផុតមួយ ក្នុងចំណោមការវិនិយោគជាច្រើនរាប់មិនអាស់ទៀតរបស់លោក៕​