ប្រទេសម៉ាឡេស៊ី នឹងចំណាយទឹកប្រាក់រហូតដល់ ១៥០ពាន់លានដុល្លារ ក្នុងរយ:ពេល ៥ឆ្នាំខាងមុខ ដើម្បីទិញទំនិញជាច្រើនប្រភេទពីសហរដ្ឋអាមេរិក រួមទាំងផ្នែកបន្ទះឈីប Semiconductor អវកាស និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដើម្បីកាត់បន្ថយពន្ធ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សហរដ្ឋអាមេរិក បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងដាក់ពន្ធ ១៩% លើទំនិញទាំងអស់របស់ម៉ាឡេស៊ី ចាប់ពីថ្ងៃទី៨ ខែសីហា ពោលគឺទាបជាងកម្រិតពន្ធ ២៥% ដែលត្រូវបានប្រកាសកាលពីខែមុន។
យ៉ាងណាមិញ បើតាមរដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Tengku Zafrul Aziz បាននិយាយប្រាប់ទៅកាន់សភា កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនរដ្ឋ Petroliam Nasional Berhad នឹងទិញឧស្ម័នធម្មជាតិរាវ (LNG) ក្នុងតម្លៃ ៣,៤ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ស្របពេលម៉ាឡេស៊ី ក៏នឹងចាក់លុយ ៧០ពាន់លានដុល្លារ ក្នុងការវិនិយោគនៅសហរដ្ឋអាមេរិក ក្នុងរយ:ពេល ៥ឆ្នាំខាងមុខ ផងដែរ។
ជម្រាបជូនផងដែរថា ជាផ្នែកនៃកិច្ចព្រមព្រៀងបន្ធូរបន្ថយពន្ធនេះ ម៉ាឡេស៊ី ក៏យល់ព្រមកាត់បន្ថយ ឬលុបចោលពន្ធ ៩៨,៤% នៃការនាំចូលទំនិញរបស់សហរដ្ឋអាមេរិក រួមទាំងការបន្ធូរបន្ថយរបាំងមិនមែនពន្ធមួយចំនួន និងការដកចេញនូវតម្រូវការសម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និងអ្នកផ្តល់សេវា Cloud របស់សហរដ្ឋអាមេរិក ផងដែរ៕

