កាលពីថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន តំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចូលរួមគោរពវិញ្ញាណក្ខន្ធយោធិនពលី ២រូបនៅខេត្តកំពត និងខេត្តកែប ដែលមានដូចជា៖
១. លោកពលបាលឯក ឈូក វ៉ាន់ត្រូយ ដែលបានពលីជីវិតជូនជាតិមាតុភូមិក្នុងសមរភូមិភ្នំទ្រព្យខេត្តព្រះវិហារតទល់នឹងកងទ័ពឈ្លានពានសៀមកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ៤៤ឆ្នាំដោយពិធីបុណ្យដែលកំពុងប្រារព្ធធ្វើឡើងនៅគេហដ្ឋានផ្ទាល់ដែលស្ថិតនៅភូមិសាតំបង ឃុំដើមដូង ស្រុកអង្គជ័យ ខេត្តកំពត។
២. លោកអនុសេនីយ៍ត្រី ចាន់ រដ្ឋធា ពលទាហាននៃបញ្ជាការដ្ឋានទ័ពពិសេសឆ័ត្រយោង ៩១១ កងទ័ពជើងគោក ដែលបានពលីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ពិធីបុណ្យដែលកំពុងប្រារព្ធធ្វើឡើងនៅគេហដ្ឋានផ្ទាល់ដែលស្ថិតនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ ឧកញ៉ាវេជ្ជបណ្ឌិត បានពាំនាំនូវសារចូលរួមរំលែកទុក្ខពីលោកអ្នកឧកញ៉ាប្រធាន ក៏ដូចជាលិខិតរំលែកមរណទុក្ខ និងថវិកាមួយចំនួនពីសមាគមឧកញ៉ាកម្ពុជាជូនក្រុមគ្រួសារ នៃសពវីរជនទាំងពីរផងដែរ។
មរណភាពរបស់ លោកពលបាលឯក ឈូក វ៉ាន់ត្រូយ និងលោកអនុសេនីយ៍ត្រី ចាន់ រដ្ឋធា គឺជាការបាត់បង់ស្វាមីដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះភរិយា ជាឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនហើយក៏ជាការបាត់បង់នូវយោធិនដ៏អង់អាចក្លាហានដោយបានធ្វើពលិកម្មនូវសាច់ស្រស់ឈាមស្រស់ប្រកបដោយភាពមោះមុតនៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី។
វីរភាពរបស់លោកនឹងស្ថិតក្នុងការចងចាំក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់រូបគ្មានថ្ងៃបំភ្លេចបានហើយកេរ្តិ៍ឈ្មោះរបស់លោកនឹងត្រូវបានចារទុកនៅក្នុងប្រវត្តិសាស្ត្រជាតិ។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរជនទាំង ២រូបសូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕







