ក្រុមហ៊ុនហិរញ្ញវត្ថុអាម៉េរិក កំពុងស្វែងរកឱកាសពង្រីកអាជីវកម្មរបស់ខ្លួននៅប្រទេសកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនអាម៉េរិក Argentem Creek សម្រេចចិត្តមកធ្វើទស្សនកិច្ចស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ពីបរិយាកាសវិនិយោគ ព្រមទាំងបង្ហាញ់ពីបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅប្រទេសកម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សារវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Maarten Terlouw ប្រធាន និងសហប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុនអាមេរិក Argentem Creek និងលោក Pavel Fedorov ប្រធានប្រតិបត្តិ និងសហស្ថាបនិកក្រុមហ៊ុន Salmon Group នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ដើម្បីពិភាក្សាការងារ ក្នុងគោលបំណងឈ្វេងយល់បន្ថែមអំពីបច្ចុប្បន្នភាពនៃបរិយាសវិនិយោគនៅកម្ពុជា សំដៅស្វែងរកឱកាសវិនិយោគក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅប្រទេសកម្ពុជា។

ក្នុងជំនួបនេះ លោកប្រធានប្រតិបត្តិក្រុមហ៊ុន Salmon Group បានបង្ហាញចំណាប់អារម្មណ៍លើវិសាលភាពនៃការប្រើប្រាស់ការទូទាត់តាមប្រព័ន្ធឌីជីថល ដែលកំពុងតែមានភាពរស់រវើកនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន និងពោរពេញដោយសក្តានុពល ក្នុងការចាប់យកនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល ដែលជាប្រភពនៃកំណើនថ្មី។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍លើសក្តានុពលវិនិយោគក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា និងបានលើកឡើងពីសក្កានុពលនានាបន្ថែម ដែលជាភាពអំណោយផលខ្ពស់ដល់វិនិយោគិនបរទេស។ លើសពីនេះ លោក បន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រីករាយក្នុងការផ្តល់ការណែនាំ ការសម្របសម្រួល សំដៅធ្វើឱ្យការសម្រេចចិត្តវិនិយោគកាន់តែមានភាពច្បាស់លាស់ត្រឹមត្រូវ និងប្រកបដោយភាពងាយស្រួល។

សូមជម្រាបថា ក្រុមហ៊ុនអាមេរិក Argentem Creek គឺជាក្រុមហ៊ុនហិរញ្ញវត្ថុដែលបានបណ្តាក់ទុនវិនិយោគក្នុងក្រុមហ៊ុន Salmon Group ដែលជាប្រតិបត្តិករបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសហ្វីលីពីន និងកំពុងស្វែងរកឱកាសពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាផងដែរ។

ជំនួបពិភាក្សាការងារនាឱកាសនេះដែរ ត្រូវបានប្រព្រឹត្តទៅ បន្ទាប់ពីជំនួបជាមួយប្រតិភូក្រុមហ៊ុន Argentem Creek នៅក្នុងឱកាសនៃការបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅសហរដ្ឋអាម៉េរិកកាលពីចុងខែកញ្ញា និងដើមខែតុលា ឆ្នាំ២០២៤ កន្លងទៅ៕ ​អត្ថបទ៖ ហ្សាលីន