យោងតាមទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា មហាសេដ្ឋីកំពូលៗរបស់ពិភពលោកចំនួន៥ រូប កំពុងសំងំកើបលុយបាន ៣២,២ពាន់លានដុល្លារ ក្នុងរយ:ពេលត្រឹមតែមួយថ្ងៃ បន្ទាប់ពីត្រូវបានជំរុញដោយការហក់ឡើងខ្ពស់នៃភាគហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យារបស់ពួកគេ នៅលើទីផ្សារពិភពលោក។

យ៉ាងណាមិញ ក្នុងចំណោមនោះ មេធំរបស់ក្រុមហ៊ុន Meta លោក Mark Zuckerberg និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Oracle លោក Larry Ellison កើបលុយបានច្រើនជាងគេ ដោយម្នាក់ៗបន្ថែម ៩ពាន់លានដុល្លារ ទៅក្នុងទ្រព្យសម្បត្តិសរុបរបស់ខ្លួន។
ទន្ទឹមនឹងនេះ CEO របស់ក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស Nvidia លោក Jensen Huang ក៏បានមើលឃើញទ្រព្យសម្បត្តិរបស់ខ្លួន មានការកើនឡើងចំនួន ៥,៤ពាន់លានដុល្លារ ផងដែរ ខណៈពេលដែលសហស្ថាបនិកក្រុមហ៊ុន Alphabet លោក Larry Page ទទួលបាន ៤,៥ពាន់លានដុល្លារ និងលោក Larry Page ទទួលបាន ៤,៣ពាន់លានដុល្លារ ក្នុងថ្ងៃតែមួយ។
គួរឲ្យដឹងផងដែរថា ជុំវិញការកើនឡើងនេះ បានគូសបញ្ជាក់ពីការរីកចម្រើនខ្លាំង ដែលកំពុងបន្តនៅក្នុងវិស័យបញ្ញាសិប្បនិម្មិត AI និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលបន្តជំរុញទំនុកចិត្តរបស់ក្រុមអ្នកវិនិយោគ បើទោះបីជាមានភាពមិនច្បាស់លាស់នៅក្នុងសេដ្ឋកិច្ចសកល នាពេលបច្ចុប្បន្នក៏ដោយ។
ជម្រាបជូនផងដែរថា លោក Mark បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ៣ ក្នងបញ្ជីមហាសេដ្ឋីមានដាច់គេរបស់ពិភពលោក ជាមួយទ្រព្យសម្បត្តិសរុប ២៦៧,៧ពាន់លានដុល្លារ តាមពីក្រោយលោក Larry Ellison ឈរនៅតំណែងលេខពីរ មានទ្រព្យសរុប ២៩៨,៣ពាន់លានដុល្លារ៕

