បុគ្គលិក SpaceX ជាង ៤ ៤០០ នាក់អាចក្លាយជាសេដ្ឋីគ្រប់គ្នា បន្ទាប់ពីការចេញលក់ IPO ដំបូងរបស់ក្រុមហ៊ុន

អន្តរជាតិ

យោងតាមការប៉ាន់ស្មានរបស់ស្ថាប័នវិភាគ Hill បានបង្ហាញថា ទាំងអតីតបុគ្គលិក និងបុគ្គលិកបច្ចុប្បន្នរបស់ SpaceX ជាង ៤ ៤០០នាក់ អាចក្លាយជាសេដ្ឋី ដោយសារការចេញលក់ភាគហ៊ុនលើកដំបូង (IPO) របស់ក្រុមហ៊ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fox។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី១១ ខែមិថុនា SpaceX ដែលជាក្រុមហ៊ុនផលិតរ៉ុក្កែត និងយានអវកាស ដែលគ្រប់គ្រងដោយមហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk បានបញ្ចប់ការចេញលក់ភាគហ៊ុនលើកដំបូង (IPO) របស់ខ្លួនក្នុងតម្លៃ ១៣៥ដុល្លារក្នុងមួយហ៊ុន ដោយរៃអង្គាសបានទឹកប្រាក់សរុប ៧៥ពាន់លានដុល្លារ និងត្រូវបានចាត់ទុកថាជាគេចេញផ្សាយ IPO ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រទីផ្សារសហរដ្ឋអាមេរិក។

យោងតាមការវិភាគមួយដោយវេទិកាវិនិយោគ Hill ដែលមានមូលដ្ឋាននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បានបង្ហាញថា ការវិវឌ្ឍទាំងនេះអាចប្រែក្លាយបុគ្គលិក SpaceX ទាំងបច្ចុប្បន្ន និងអតីតជាង ៤ ៤០០ នាក់ ឲ្យក្លាយទៅជាសេដ្ឋី។ ក្នុងចំណោមនេះ ប្រហែល ៤០០នាក់ ត្រូវបានគេព្យាករថានឹងមានទ្រព្យសកម្ម ១០០លានដុល្លារ ឬច្រើនជាងនេះ។

ប្រភពដដែលបានបង្ហាញទៀតថា បុគ្គលិកភាគហ៊ុនរបស់ SpaceX ដែលធ្វើការច្រើនឆ្នាំនៅក្នុងក្រុមហ៊ុន នឹងទទួលបានរង្វាន់ជាជម្រើសភាគហ៊ុនមកកាន់កាប់ក្នុងដៃដែលជាផ្នែកមួយនៃកញ្ចប់សំណងរបស់ពួកគេ។ ជាឧទាហរហ៍ លោក Trevor Hise ដែលបានធ្វើការនៅ SpaceX អស់រយៈពេល ១២ឆ្នាំ មានភាគហ៊ុនជាង ១០០ ០០០ ហ៊ុន នៅក្នុងក្រុមហ៊ុន។ ដូច្នេះនៅពេលមានការចេញលក់ IPO ដែលរំពឹងទុក នឹងធ្វើឲ្យទ្រព្យសម្បត្តិរបស់លោកទទួលបានពីភាគហ៊ុនេះ មានចំនួនរហូតដល់ទៅ ១៣,៥លានដុល្លារឯណោះ។

គួរជម្រាបជូនថា សម្រាប់លោក Elon Musk ការចេញលក់ IPO របស់ SpaceX នេះ​បានធ្វើឲ្យរូបលោក ក្លាយជាមហាសេដ្ឋីលុយទ្រីលានដុល្លារដំបូងគេរបស់ពិភពលោក។ ទ្រព្យសម្បត្តិសរុបរបស់លោក Musk ត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើង ២៦% ពី ៧៩៣ពាន់លានដុល្លារ ដល់ ១,១ទ្រីលានដុល្លារ ដោយសារតម្លៃភាគហ៊ុនរបស់លោក ទាំងនៅក្នុង SpaceX និង Tesla៕​