រដ្ឋាភិបាលស្វីស កាលពីពេលថ្មីៗនេះ បានសម្រេចចិត្តបង្កកទ្រព្យសម្បត្តិទាំងអស់របស់លោក Nicolas Maduro និងអ្នកដែលជាប់ពាក់ព័ន្ធជាមួយរូបលោកផ្សេងទៀត នៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យោងតាមរដ្ឋាភិបាលរបស់ប្រទេសស្វីស បានប្រកាសកាលពីថ្ងៃទី៥ ខែមករាថា ៖” វិធានការបង្កកទ្រព្យសម្បត្តិរបស់លោក Maduro នឹងត្រូវចូលជាធរមានភ្លាមៗ ហើយនឹងនៅតែមានសុពលភាពរយៈពេលមួយឆ្នាំ រហូតដល់មានការជូនដំណឹងបន្ថែម”។ យ៉ាងណាក៏ដោយការសម្រេចចិត្តនេះ ហាក់មិនបានបញ្ជាក់ពីចំនួនទ្រព្យសម្បត្តិដែលត្រូវបានបង្កកនោះឡើយ។
មិនតែប៉ុណ្ណោះ រដ្ឋាភិបាលរបស់ប្រទេសស្វីស បាននិយាយទៀតថា ការសម្រេចចិត្តបង្កកទ្រព្យសម្បត្តិនេះត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីលោក Maduro ត្រូវបានចាប់ខ្លួននៅក្នុងការវាយឆ្មក់របស់សហរដ្ឋអាមេរិក នៅទីក្រុងការ៉ាកាស កាលពីថ្ងៃទី៣ ខែមករា ហើយត្រូវបាននាំខ្លួនទៅកាន់ទីក្រុងញូវយ៉កដើម្បីប្រឈមមុខទៅនឹងការកាត់ក្តីពីបទជួញដូរគ្រឿងញៀន។
លើសពីនេះ ដោយបានពិពណ៌នាអំពីស្ថានភាពបច្ចុប្បន្នថាមានភាពមិនស្ថិតស្ថេរ ប្រទេសស្វីសបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តនេះមានគោលបំណង ធានាថាទ្រព្យសម្បត្តិដែលមានប្រភពដើមខុសច្បាប់គឺមិនត្រូវបានផ្ទេរចេញពីប្រទេសរបស់ខ្លួននោះឡើយ។
រដ្ឋាភិបាលទីក្រុង Bern បានពន្យល់ទៀតថា ចលនានេះមិនមែនជាហេតុផលនយោបាយទេ ប៉ុន្តែផ្ទុយទៅវិញពួកគេបានធ្វើសកម្មភាពដោយសារតែលោក Maduro បានបាត់បង់អំណាចយ៉ាងមានប្រសិទ្ធភាព ហើយប្រទេសវេណេស៊ុយអេឡាអាចនឹងប្តឹងដើម្បី ទាមទារយកទ្រព្យសម្បត្តិទាំងនោះមកវិញ៕

