ប្រតិភូក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត Marubeni Asian Power Singapore Pte. Ltd. នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានមកជួបគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបង្ហាញពីបំណងពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជាឱ្យស្របនឹងនិន្នាការនាពេលបច្ចុប្បន្ន និងតម្រូវការចាំបាច់ចំពោះមុខរបស់ក្រុមហ៊ុន។

ថ្លែងក្នុងជំនួបពិភាក្សាខាងលើ លោក IKEYA Yusuke អនុប្រធានក្រុមហ៊ុន ក៏បានប្រាប់អំពីសាវតាររបស់ក្រុមហ៊ុន ជាពិសេសក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតរបស់លោក (Khmer Water Supply Holdings-KWSH) ដែលបាននិងកំពុងមានប្រតិបត្តិការផ្គត់ផ្គង់ទឹកស្អាត និងទឹកពិសាបរិសុទ្ធនៅក្នុងខេត្តមួយចំនួននៃប្រទេសកម្ពុជា រួមមានខេត្តតាកែវ ព្រៃវែង សៀមរាប និងក្រចេះ។
លោកបញ្ជាក់ថា ក្រុមហ៊ុន Khmer Water Supply Holdings ត្រូវបានបង្កើតទ្បើងតាំងពីឆ្នាំ២០១៣ ហើយបច្ចុប្បន្នក្រុមហ៊ុនមានបំណងពង្រីកអាជីវកម្មរបស់ខ្លួនឱ្យស្របនឹងនិន្នាការនាពេលបច្ចុប្បន្ន និងតម្រូវការចាំបាច់ចំពោះមុខរបស់ក្រុមហ៊ុន។

ជាការឆ្លើយតប លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពជា បាន ស្វាគមន៍គណៈប្រតិភូក្រុមហ៊ុនដែលមកទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ លោក បានជម្រាបជូនក្រុមហ៊ុនពីបរិស្ថានវិនិយោគនៅកម្ពុជាដែលពោរពេញដោយភាពអំណោយផល ពិសេសរបបលើកទឹកចិត្ត និងវិធានការគាំទ្រនានារបស់រាជរដ្ឋាភិបាលដែលបន្តដាក់ចេញសំដៅធ្វើឱ្យបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរទ្បើង។ បន្ថែមពីនេះ លោកក៏បានលើកទ្បើងពីគំរូ និងភាពជោគជ័យរបស់បណ្តាក្រុមហ៊ុនវិនិយោគជប៉ុនធំៗនៅកម្ពុជាមួយចំនួនផងដែរ។
សូមជម្រាបថា តាមរយៈជំនួបពិភាក្សានោះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានណែនាំដល់ក្រុមហ៊ុនឱ្យធ្វើការសិក្សាចំពោះការផ្គត់ផ្គង់ទឹកស្អាត និងរៀបចំប្រព័ន្ធសម្អាតទឹកកង្វក់នៅខេត្តស្វាយរៀង និងបាវិត ដោយនៅទីនោះមានបណ្តុំឧស្សាហកម្ម និងរោងចក្រជាច្រើន ប៉ុន្តែមិនទាន់មានប្រព័ន្ធអាងចម្រោះទឹករួម និងប្រព័ន្ធផ្គត់ផ្គង់ទឹករួមនៅទ្បើយទេ។ បន្ថែមពីនេះ CDC ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនឆាប់ធ្វើការសម្រេចចិត្តបណ្តាក់ទុននៅកម្ពុជា ដើម្បីឆាប់ទទួលបានការលើកទឹកចិត្តនិងអត្ថប្រយោជន៍នានាដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគកម្ពុជា៕ អត្ថបទ៖ ហ្សាលីន


