ឧកញ៉ា លី ឆេង ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ បានជួបសំណេះសំណាលជាមួយ កញ្ញា មាស សម្ភស្ស កូនស្រីបង្កើតរបស់វីរយុទ្ធជនពលី លោកវរសេនីយ៍ត្រី លៀម សំពៅមាស និងបានប្រគល់អាហារូបករណ៍ពិសេស ១០០% សិក្សារយៈពេល ១២ឆ្នាំ របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត សិក្សានៅ សាលា ប៊ែលធី អន្តរជាតិ។

លោកឧកញ៉ា លី ឆេង ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានគូសបញ្ជាក់លើទំព័រហ្វេសប៊ុក កាលពីថ្ងៃពុធថា ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលនេះ បានជួបសំណេះសំណាលជាមួយប្អូនស្រី យ៉ុន សុភក្ត្រ ដែលត្រូវជាភរិយារបស់វីរយុទ្ធជន លោកវរសេនីយ៍ត្រី លៀម សំពៅមាស ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីពីការឈ្លានពានរបស់កងទ័ពថៃ កាលពីថ្ងៃទី២៤ – ២៨ ខែកក្កដា ឆ្នាំ២០២៥ និងបានប្រគល់ប័ណ្ណអាហារូបករណ៍ពិសេស ១០០% សិក្សារយៈពេល ១២ឆ្នាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ជូនដល់ក្មួយស្រី មាស សម្ភស្ស ដែលត្រូវជាកូនស្រីបង្កើតរបស់វីរយុទ្ធជន លោកវរសេនីយ៍ត្រី លៀម សំពៅមាស ឱ្យមានឱកាសបានមកបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ មួយចប់កម្មវិធីសិក្សា ទាំងថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១ ដល់ ថ្នាក់ទី១២) និងភាសាអង់គ្លេសទូទៅ (Starter ដល់ Level 12)។
ចំពោះ អាហារូបករណ៍ពិសេស នេះ រួមមាន៖
១-អាហារូបករណ៍ ១០០% សិក្សាមួយចប់កម្មវិធីទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ
២-ឯកសណ្ឋានថ្នាក់ចំណេះទូទៅ ចំនួន ២កំប្លេ និងអាវយឺត ចំនួន ១ ជារៀងរាល់ឆ្នាំ
៣-អាវយឺតថ្នាក់ភាសាអង់គ្លេស ចំនួន ២ ជារៀងរាល់វគ្គ
៤-សៀវភៅពុម្ភសិក្សាថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ១ឈុត ជារៀងរាល់វគ្គ/ឆ្នាំ
៥-កញ្ចប់កម្មវិធីសិក្សាបន្ថែមថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ជារៀងរាល់វគ្គ/ឆ្នាំ។
ក្នុងឱកាសដ៏សែនក្រៀមក្រំចំពោះការពលីរបស់ លោកវរសេនីយ៍ត្រី លៀម សំពៅមាស លោកឧកញ៉ាក៏បានចូលបច្ច័យមួយចំនួន សម្រាប់ការរៀបចំពិធីបុណ្យសព និងចូលរួមរំលែកទុក្ខយ៉ាងសោកសៅបំផុតជាមួយក្រុមគ្រួសារសព ផងដែរ។ ការពលីរបស់ លោកវរសេនីយ៍ត្រី គឺជាការបាត់បង់នូវវីរកងទ័ពដ៏ក្លាហាន ដែលហ៊ានលះបង់គ្រប់បែបយ៉ាង សូម្បីអាយុជីវិត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងទឹកដីរបស់យើងឱ្យបានគង់វង្សសម្រាប់កូនខ្មែរជំនាន់ក្រោយគ្រប់ៗជំនាន់តរៀងទៅ។ ជាពិសេស គឺជាការបាត់បង់នូវ ឧត្តមស្វាមី និងលោកឱពុកប្រកបដោយព្រហ្មវិហារធម៌ ដែលតែងតែចិញ្ចឹមបីបាច់ ថែរក្សា និងទំនុកបម្រុងក្រុមគ្រួសារគ្រប់ពេលវេលាដោយមិនគិតពីការនឿយហត់។
ជាចុងក្រោយ ឧកញ៉ា លី ឆេង សូមលើកទឹកចិត្តក្មួយស្រី ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីអនាគតរបស់ក្មួយស្រីផ្ទាល់ ជាពិសេសបំពេញបំណងប្រាថ្នារបស់លោកឪពុក និងតបស្នងសងគុណអ្នកម្តាយ ដែលកំពុងបីបាច់ថែរក្សាក្មួយសព្វថ្ងៃនេះ។
លោកឧកញ៉ា បន្ថែមដូច្នេះថា៖ “សូមក្មួយ កុំបារម្ភ បើទោះបី លោកឪពុករបស់ក្មួយបានពលីក៏ពិតមែន តែក្មួយនៅមាន ម្តាយ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត រួមជាមួយ ថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលា ប៊ែលធី អន្តរជាតិទាំងអស់ ចាំជួយទំនុកបម្រុងក្មួយ រហូតដល់រៀនចប់ចុងចប់ដើម។ សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពវីរយុទ្ធជន លោកវរសេនីយ៍ត្រី លៀម សំពៅមាស សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ”៕








