ប្រជុំGBC! កម្ពុជា-ថៃ ព្រមព្រៀងគ្នាចំនួន១៣ចំណុចសំខាន់ៗ

សង្គម​ និង​សេដ្ឋកិច្ច

យោងតាមសេចក្ដីថ្លែងការណ៍រួម នៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅទីក្រុងកូឡាឡាំពួរ​ ប្រទេសម៉ាឡេស៊ីនារសៀលថ្ងៃទី០៧ ខែសីហា​ ឆ្នាំ២០២៥ ដោយក្រសួងការពារជាតិ  បានបង្ហាញឱ្យដឹងថា ប្រទេសកម្ពុជា និងប្រទេសថៃ បានចុះកិច្ចព្រមព្រៀងគ្នា១៣ចំណុចសំខាន់ៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លទ្ធផលព្រមព្រៀង១៣ចំណុចមានដូចខាងក្រោម៖

១. ភាគីទាំងពីរ​ឯកភាពលើការឈប់បាញ់ ពាក់ព័ន្ធគ្រប់ប្រភេទអាវុធទាំងអស់ រួមបញ្ចូលទាំងការវាយប្រហារលើជនស៉ីវិល វត្ថុស៊ីវិល និងគោលដៅយោធានៃភាគីទាំងសងខាង ក្នុងគ្រប់ករណីនិងតំបន់ទាំងអស់។ ភាគីទាំងពីរចាំបាច់ត្រូវចៀសវាងការបាញ់ប្រហារទាំងគ្មានការបង្កហេតុ សំដៅទៅលើទីតាំងឬកងទ័ពរបស់ភាគីម្ខាងទៀត។ ការព្រមព្រៀងនេះ មិនត្រូវបំពានដាច់ខាត ទោះស្ថិតក្រោមកាលៈទេសៈបែបណាក៏ដោយ។

២. ភាគីទាំងពីរយល់ព្រមរក្សាស្ថានភាពបច្ចុប្បន្ននៃការដាក់ពង្រាយកងទ័ព ដោយមិនមានការចល័តបន្ថែមទៀត គិតត្រឹមបទឈប់បាញ់ចាប់ពីម៉ោង២៤៖០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ មិនត្រូវឱ្យមានការចល័តកងទ័ព រាប់បញ្ចូលទាំងការល្បាតសំដៅទៅកាន់​ទីតាំងភាគីម្ខាងទៀត។

៣. ភាគីទាំងពីរយល់ស្របមិនបង្កើនចំនួនកងកម្លាំង នៅតាមបណ្តោយព្រំប្រទល់ទាំងស្រុងរវាងកម្ពុជា-ថៃ។ ការដាក់កម្លាំងបន្ថែមណាមួយ មុខជានឹងបង្កើនភាពតានតឹង ហើយជះផលប៉ះពាល់អវិជ្ជមានចំពោះកិច្ចប្រឹងប្រែងរយៈពេលវែង ដើម្បីបន្ធូរបន្ថយស្ថានការណ៍។

៤. ភាគីទាំងពីរឯកភាពគ្នាមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយឡើយ ដែលអាចដុតបញ្ឆេះភាពតានតឹង។ នេះរួមបញ្ចូលទាំង​ការធ្វើសកម្មភាពយោធា ចូលក្នុងដែនអាកាសនិងទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀត គិតត្រឹមបទឈប់បាញ់ចាប់ពីម៉ោង២៤៖០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ភាគីទាំងពីរយល់ព្រមមិនធ្វើការសាងសង់ ឬពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធា ហួសពីព្រំដែនរបស់ខ្លួន។

៥. ភាគីទាំងពីរឯកភាពគ្នាមិនប្រើប្រាស់កម្លាំងគ្រប់ទម្រង់ ប្រឆាំងជនស៉ីវិលនិងវត្ថុស៉ីវិល ទោះក្នុងកាលៈទេសៈណាក៏ដោយ។ សកម្មភាពបែបនោះ នឹងមិនត្រឹមបង្កគ្រោះថ្នាក់ ចំពោះសហគមន៍រស់នៅតាមតំបន់ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែក៏បំពានច្បាប់អន្តរជាតិ ហើយធ្វើឱ្យអាប់ឱនមុខមាត់នៅលើឆាកអន្តរជាតិ សម្រាប់ភាគីដែលមិនគោរពការព្រមព្រៀងផងដែរ។

៦. ភាគីទាំងពីរយល់ស្របគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងការប្រព្រឹត្តដាក់ទាហានដែលត្រូវបានចាប់ខ្លួន រាប់បញ្ចូលទាំង​ស្ថានភាពរស់នៅ កន្លែងជ្រកកោន ស្បៀងអាហារ និងការថែទាំសុខភាពក្នុងករណីរងរបួស។ ប្រសិនបើភាគីម្ខាង មានបំណងចង់​នាំយកទាហានខ្លួន ឬជនស៉ីវិលរងរបួស ដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីម្ខាងទៀត ដើម្បីទទួលការព្យាបាល ភាគីខាងទទួលមានសិទ្ធិកំណត់ការឆ្លើយតប ដោយផ្អែកលើសមត្ថភាពនៃកន្លែងព្យាបាលរបស់ខ្លួន ឬក្រមសីលធម៌ផ្នែកវេជ្ជសាស្រ្ត ហើយឈរលើគោលការណ៍មួយៗដាច់ដោយឡែក។


ទាហានដែលត្រូវបានចាប់ខ្លួន គួរតែត្រូវបានដោះលែង និងធ្វើមាតុភូមិនិវត្តន៍ភ្លាមៗ ក្រោយអរិភាពនានាត្រូវបានបញ្ឈប់ ស្របតាមមាត្រា១១៨ នៃអនុសញ្ញាហ្សឺណែវឆ្នាំ១៩៤៩ និងបញ្ញត្តិ១២៨(A) នៃច្បាប់មនុស្សធម៌អន្តរជាតិ។ ភាគីទាំងពីរយល់ព្រមដោះដូរព័ត៌មាន និងសម្របសម្រួលសម្រាប់​ការប្រគល់​សពអ្នកបាត់បង់ជីវិតមកវិញ ឱ្យឆាប់រហ័សនិងប្រកបដោយភាពថ្លៃថ្នូរ នៅទីតាំងមួយដែលត្រូវបានព្រមព្រៀងគ្នា ហើយមានការគោរពយ៉ាងពេញលេញចំពោះ គោលការណ៍មនុស្សធម៌ និងយុត្តាធិការ និងដោយមិនចាំបាច់ឆ្លងព្រំប្រទល់ ព្រមទាំងធានាថា ចំណាត់ការសមស្របត្រូវបានធ្វើឡើង ដើម្បីកំណត់អត្តសញ្ញាណនិងចាត់ចែងសាកសព ក្រោមស្ថានភាពដោយក្តីគោរពនិងអនាម័យត្រឹមត្រូវ ដើម្បីកុំឱ្យសពអ្នកស្លាប់ត្រូវបាត់បង់ ពេលទទួលមរណភាព។

៧. ក្នុងករណីមានជម្លោះប្រដាប់អាវុធផ្ទុះឡើង ទោះដោយចេតនាឬដោយអចេតនាក្តី ភាគីទាំងពីរចាំបាច់ត្រូវប្រឹក្សាគ្នាជាបន្ទាន់ នៅកម្រិតមូលដ្ឋាន តាមរយៈយន្តការណ៍ទ្វេភាគីដែលមានស្រាប់ ដើម្បីទប់ស្កាត់កុំឱ្យស្ថានការណ៍កើនឡើងកម្តៅកាន់តែខ្លាំង នៅតាមបណ្តោយព្រំដែនទាំងមូល។ ការអូសបន្លាយជម្លោះ នឹងបង្កគ្រោះថ្នាក់ចំពោះសុវត្ថិភាពជនស៉ីវិល ក៏ដូចជាកងទ័ពទាំងសងខាង ហើយបង្កើនភាពតានតឹង ដែលនឹងបង្កភាពស្មុគស្មាញចំពោះកិច្ចប្រឹងប្រែងស្វែងរកដំណោះស្រាយរួម។

៨.១ ថែរក្សាការទំនាក់ទំនងទៀងទាត់រវាងទីតាំងកងទ័ពទាំងអស់ តំបន់យោធា និងអង្គភាពនៅតាមបណ្ដោយព្រំដែននៃភាគីទាំងសងខាង និងប្រឹងប្រែងដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសជម្លោះ

៨.២ កោះប្រជុំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនតំបន់ (RBC) ក្នុងរយៈពេល២សប្ដាហ៍ បន្ទាប់ពីកិច្ចប្រជុំពិសេស GBC នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ ទីតាំងរៀបចំ កិច្ចប្រជុំនឹងត្រូវបានកំណត់ស្របទៅតាមការទទួលធ្វើជាម្ចាស់ផ្ទាស់ប្ដូរវេនជាទៀងទាត់។

៨.៣ រក្សាបណ្ដាញទំនាក់ទំនងជាទៀងទាត់ និងដោយផ្ទាល់រវាងកម្រិតរដ្ឋមន្ត្រី និងមន្ត្រីយោធាជាន់ខ្ពស់។

៩. ភាគីទាំងសងខាងឯកភាពទប់ស្កាត់ព័ត៌មានក្លែងក្លាយ ឬមិនពិត ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង កាត់បន្ថយគំនិតអវិជ្ជមានរបស់សាធារណៈជន និងពង្រឹង បរិយាកាសអំណោយផលដើម្បីឆ្ពោះទៅរកកិច្ចពិភាក្សប្រកបដោយសន្តិភាព។

១០​. ភាគីទាំងសងខាងបន្តប្ដេជ្ញាចិត្តដើម្បីអនុវត្តតាមអនុស្សារណៈយោគយល់ ដែលសម្រេចបាននៅឯកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្នុងនោះរួមមានបទឈប់បាញ់ និងការបង្កើតក្រុមអ្នកអង្កេតការណ៍អាស៊ានដឹកនាំដោយម៉ាឡេស៊ីដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់។

១១. ភាគីទាំងសងខាងឯកភាពលើការចាត់តាំងគណៈកម្មធិការ RBC រៀងៗខ្លួន ដើម្បីដឹកនាំការអនុវត្តបទឈប់បាញ់ក្រោមការសម្របសម្រួល និងតាមដានដោយ ក្រុមអ្នកអង្កេតការណ៍អាស៊ានដឹកនាំដោយម៉ាឡេស៊ី។ RBC នឹងជួបប្រជុំជាទៀងទាត់ ហើយដាក់ជូនរបាយការណ៍របស់ខ្លួនជូន GBC។

១២. យោងទៅលើក្រុមអ្នកអង្កេតការណ៍អាស៊ានដឹកនាំដោយម៉ាឡេស៊ីតាមការឯកភាពគ្នាដោយភាគីទាំងសងខាងក្នុងទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រុមអ្នកអង្កេតការណ៍បណ្ដោះអាសន្ន (IOT) រួមមានអនុព័ន្ធយោធានៃរដ្ឋជាសមាជិកអាស៊ានដែលទទួលស្គាល់ដោយកម្ពុជា ឬថៃ ដឹកនាំដោយអនុព័ន្ធយោធា ម៉ាឡេស៊ី នឹងត្រូវបានបង្កើតឡើងដាច់ដោយឡែកពីគ្នា និងដោយឯករាជ្យ ក្នុងប្រទេសទាំងសងខាង កម្ពុជា និងថៃ ដើម្បីត្រួតពិនិត្យលើភាគីម្ខាងៗ លើការអនុវត្ត បទឈប់បាញ់ផ្អែកលើមូលដ្ឋានជាទៀតទាត់។ សមាសភាព IOT​ នៃប្រទេសនីមួយៗត្រូវបានអញ្ជើញដោយឯករាជ្យដោយប្រទេសជាម្ចាស់ផ្ទះនៅក្នុង ការពិគ្រោះយោបល់ជាមួយម៉ាឡេស៊ី។ IOT នឹងធ្វើប្រតិបត្តិការដោយឆ្លងកាត់ព្រំដែន និងធ្វើការក្រោមការសម្របសម្រួល ព្រមទាំងពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយ RBC និង GBC នៃប្រទេសទាំង សងខាង។

១៣. ភាគីទាំងសងខាងបានឯកភាពកំណត់ពេលវេលារៀបចំកិច្ចប្រជុំ GBC ក្នុងរយៈពេល១ខែ បន្ទាប់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ (ទីតាំងរៀបចំកិច្ចប្រជុំនឹង ត្រូវបានពិភាក្សាតាមក្រោយ។ បើពុំដូច្នោះទេ កិច្ចប្រជុំពិសេស GBC នឹងត្រូវរៀបចំឡើងភ្លាមៗ ដោយប្រើទម្រង់នៃកិច្ចប្រជុំដដែល ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងឈប់បាញ់៕

ប្រភពរូបភាព៖ ទទក