នាព្រឹកថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ២០២៥ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមជាមួយអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ ព្រមទាំងអ្នកឧកញ៉ា លី សុភាព និងឧកញ៉ា សូ សុខប៊ុនលីម បានចូលរួម “ជំនួបពិភាក្សាការងារអំពីការរៀបចំដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅប្រទេសអូស្ត្រាលី (Investment Roadshow to Australia)” នៅចុងខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។

ក្នុងជំនួបពិភាក្សានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម Derik Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងសមាគមឧកញ៉ាកម្ពុជា ដែលនឹងចូលរួមអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៅក្នុងដំណើរបេសកកម្មនេះផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាលើកិច្ចការអាទិភាពនានា ក្នុងការត្រៀមរៀបចំដំណើរបេសកកម្មនេះឱ្យដំណើរការទៅបានប្រកបដដោយភាពរលូន ប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់តាមការរំពឹងទុក។
សូមជម្រាបថា សមាគមឧកញ៉ាកម្ពុជា នឹងដឹកនាំប្រតិភូសមាគមចូលរួមក្នុងបេសកកម្មនេះផងដែរ ដើម្បីរួមចំណែកក្នុងការផ្សព្វផ្សាយ និងទាក់ទាញធុរជនអូស្ត្រាលីមកវិនិយោគនៅកម្ពុជា ក៏ដូចជាស្វែងយល់អំពីបរិយាកាសធុរកិច្ចកម្ពុជា-អូស្ត្រាលី និងស្វែងរកដៃគូវិនិយោគលើវិស័យអាទិភាពនានា។ ដំណើរបេសកកម្មនេះ គឺជាសកម្មភាពទាក់ទាញ និងជំរុញវិនិយោគនៅក្រៅប្រទេសដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សំដៅ ផ្សព្វផ្សាយពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគ និងសក្តានុពលនានារបស់កម្ពុជា និងបញ្ជ្រាបការយល់ដឹងដល់វិនិយោគិនបរទេស ឱ្យមកបណ្តាក់ទុនវិនិយោគដោយផ្ទាល់ពីបរទេស (Foreign Direct Investment – FDI) មកកាន់ប្រទេសកម្ពុជាថែមមួយកម្រិតទៀត។
ចំពោះបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅប្រទេសអូស្ត្រាលីខាងមុខនេះ បានទទួលនូវការសម្របសម្រួលដោយការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងកម្មវិធីភាពជាដៃគូកម្ពុជា- អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)៕




















