រដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តអត្រាពន្ធគយ ០% ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាម៉េរិក និងនាំចូលមកកម្ពុជា ពីសហរដ្ឋអាម៉េរិក។ នេះបើយោងតាមអនុក្រឹត្យស្តីពីការអនុវត្តពន្ធគយលើមុខទំនិញនាំចូលដែលមានដើមកំណើតនៅសហរដ្ឋអាម៉េរិក ដែលប្រកាសដោយនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៥នេះ។

សម្តេចធិបតី បានបន្តថា អត្រាពន្ធគយ ០% ដូចមានចែងក្នុងអនុក្រឹត្យ ស្ដីពី ការអនុវត្តអត្រាពន្ធគយ ០% លើទំនិញរបស់សហរដ្ឋអាម៉េរិក ហើយនីតិវិធីក្នុងការអនុវត្តអត្រាពន្ធគយចំពោះទំនិញនាំចូលពីសហរដ្ឋអាម៉េរិកនេះ ត្រូវកំណត់ដោយប្រកាសរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ចំពោះបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ផងដែរ។
ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានណែនាំឱ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធាន គ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
សូមរម្លឹកថា សហរដ្ឋអាម៉េរិកបញ្ចុះពន្ធកម្ពុជាពី៤៩% មកត្រឹម១៩% គឺកម្ពុជាទទួលបានការបញ្ចុះអត្រាពន្ធច្រើនជាងគេនៅក្នុងពិភពលោក ហើយអត្រាពន្ធនេះកម្ពុជាអាចធ្វើការប្រកួតប្រជែងបានជាមួយប្រទេសជិតខាងបានផងដែរ។នេះបើតាមប្រសាសន៍របស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី លទ្ធផលនៃអត្រាពន្ធបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក កាលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥៕ អត្ថបទ៖ ហ្សាលីន



