គាំទ្រយុវជនខ្មែរក្នុងវិស័យបច្ចេកវិទ្យា! ធនាគារ ជីប ម៉ុង ឧបត្ថម្ភនិស្សិតឆ្នើមទៅប្រកួតរ៉ូបូត លើឆាកអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ) ធនាគារ ជីប ម៉ុង​ បានចូលរួមជាមួយក្រសួងព័ត៌មានរៀបចំឡើងនូវកម្មវិធីសន្និសីទសារព័ត៌មាន អបអរសាទរដល់និស្សិតឆ្នើមនៃសាលាតិចណូ ដែលតំណាងឲ្យកម្ពុជាទៅប្រកួតក្នុងព្រឹត្តិការណ៍រ៉ូបូតអន្តរជាតិនៅឯប្រទេសម៉ុងហ្គោលី។ កម្មវិធីនេះត្រូវបានប្រារព្ធធ្វើ ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ នៅទីស្នាក់ការកណ្តាលរបស់ធនាគារ ជីប ម៉ុង ក្នុងអគារ ជីប ម៉ុង ថៅវើរ ក្រោមអធិបតីភាព ឯកឧត្តម សំបូរ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និង អ្នកឧកញ៉ា លាង ម៉េង អគ្គនាយក ធនាគារ ជីប ម៉ុង ព្រមទាំងលោកគ្រូសាស្ត្រាចារ្យ និស្សិតឆ្នើមទាំង ១៦នាក់ និងបុគ្គលិកហាត់ការ (Young Bankers) របស់ធនាគារ ជីប ម៉ុង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សន្និសីទសារព័ត៌មាននេះបានប្រព្រឹត្តឡើងក្នុងគោលបំណងអបអរសាទរ ផ្តល់ការគាំទ្រជាកម្លាំងចិត្ត និងការឧបត្ថម្ភ ព្រមទាំងជួបសំណេះសំណាលនិងផ្តល់អនុសាសន៍ផ្តាំផ្ញើដល់និស្សិតឆ្នើមកម្ពុជា មុនធ្វើដំណើរទៅប្រកួតរ៉ូបូតនៅប្រទេសម៉ុងហ្គោលី។ ធនាគារ ជីប​ ម៉ុង មានជំនឿជឿជាក់ថា នេះជាឱកាសដ៏មានតម្លៃដែលយុវជនខ្មែរយើងអាចបង្ហាញពីទេពកោសល្យ ចំណេះដឹង សមត្ថភាព និងបច្ចេកវិទ្យារ៉ូបូតរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។

យោងតាមប្រសាសន៍របស់អគ្គនាយកធនាគារ ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង “ការអភិវឌ្ឍធនធានមនុស្សរបស់យើង រួមជាមួយបច្ចេកវិទ្យា និងការច្នៃប្រឌិត គឺជាគន្លឹះនៃភាពររីកចម្រើន។ ហើយនេះដែលក៏ជាមូលហេតុចម្បងដែលជំរុញឱ្យ ធនាគារ ជីប ម៉ុង ប្ដេជ្ញាចិត្ត យ៉ាងមុតមាំ ក្នុងការគាំទ្រនិស្សិតឆ្នើមទាំង ១៦នាក់របស់សាលាតិចណូ ក្នុងការចូលរួមព្រឹត្តិការណ៍​ប្រកួតរ៉ូបូត​អន្តរជាតិ នៅប្រទេសម៉ុងហ្គោលី”។

ជាមួយគ្នានេះដែរ ឯកឧត្តម សំបូរ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានមានប្រសាសន៍ថា “ការគាំទ្រដល់​និស្សិតកម្ពុជា​ចូលរួមប្រកួត កម្មវិធីរ៉ូបូតអន្តរជាតិ នៅប្រទេសម៉ុងហ្គោល របស់ធនាគារ ជីប ម៉ុង គឺជាសកម្មភាព ដែលគួរ​ឱ្យគោរពកោតសរសើរ ហើយនេះជាការរួមចំណែកមួយ ស្របតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាល”។

សូមបញ្ជាក់ផងដែរថា ធនាគារ ជីប ម៉ុង ជាធនាគារដែលបង្កើតដោយសហិគ្រិនខ្មែរ ១០០% និងតែងតែផ្តល់ឱកាសការងារទៅដល់សិស្សនិស្សិតដែលកំពុងសិក្សា ឬទើបបញ្ចប់ការសិក្សាថ្មីៗ រាប់រយនាក់នៅទូទាំងប្រទេស និងនៅគ្រប់មុខជំនាញទាំងអស់ តាមរយៈកម្មវិធី Young Bankers របស់ធនាគារ ជីប ម៉ុង។

ធនាគារ ជីប ម៉ុង ដែលជាធនាគារមានគ្រឹះដ៏រឹងមាំ និងដើរតាមគន្លងជោគជ័យរបស់ក្រុមហ៊ុន​ ជីប ម៉ុង តាំងពីឆ្នាំ១៩៨២ ក៏នឹងបន្តគាំទ្រអភិវឌ្ឍសង្គមជាតិ ផ្ដោតសំខាន់លើការអភិវឌ្ឍលើសមត្ថភាព ចំណេះដឹង និងបណ្តុះបណ្តាលជំនាញផ្សេងៗ ដែលជាកត្តាចាំបាច់មិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។