យោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Howard Lutnick បានប៉ានប្រមាណថា សហរដ្ឋអាមេរិក អាចនឹងប្រមូលទឹកប្រាក់បានជាង ៥០ពាន់លានដុល្លារ ក្នុងមួយខែ ពីពន្ធនាំចូលរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមសេចក្តីថ្លែងការណ៍មួយដែលត្រូវបានធ្វើឡើង កាលពីថ្ងៃទី៧ ខែសីហា លោក Lutnick បានបង្ហាញឲ្យដឹងទៀតថា តួលេខនេះ ហាក់មានការកើនឡើងយ៉ាងខ្លាំង បើធៀបទៅនឹងប្រាក់ចំណូលដែលរំពឹងទុកចំនួន ៣០ពាន់លានដុល្លារ កាលពីខែមុន ដោយសារតែការអនុវត្តពន្ធគយខ្ពស់លើទំនិញពីប្រទេសរាប់សិប បានចូលជាធរមានផ្លូវការ។
មិនតែប៉ុណ្ណោះ នៅក្នុងបទសម្ភាសជាមួយ Fox Business Network រដ្ឋមន្ត្រីរូបនេះ បាននិយាយថា ៖” បន្ទាប់ពីនេះ វានឹងដល់វេនពន្ធលើឧបករណ៍អេឡិចត្រូនិកបន្ទះឈីប ឱសថ និងសម្ភារៈមួយចំនួនទៀត ដែលទាំងអស់នេះនឹងនាំមកនូវចំណូលពន្ធបន្ថែម” ។
គួរឲ្យដឹងផងដែរថា កាលពីថ្ងៃទី៦ ខែសីហា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានប្រកាសពីផែនការយកពន្ធ ១០០% លើបន្ទះឈីប ដែលនាំចូល ប្រសិនបើក្រុមហ៊ុនណាមួយមិនបេជ្ញាសាងសង់រោងចក្រ នៅសហរដ្ឋអាមេរិក ទេនោះ។ ស្របពេលពន្ធឱសថ ដំបូង នឹងត្រូវអនុវត្តក្នុងអត្រាទាប ហើយនឹងបន្តកើនឡើងបន្តិចម្តងៗ ដល់ ២៥០% នៅតាមពេលវេលាជាក់ស្តែង។
ជម្រាបជូនថា ព័ត៌មានលម្អិតនៃផែនការពន្ធគយថ្មីទាំងនេះ អាចនឹងត្រូវប្រកាសនៅប៉ុន្មានសប្តាហ៍ខាងមុខ បន្ទាប់ពីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនលើផលប៉ះពាល់នៃការនាំចូលចំពោះផលិតផលទាំងនេះ លើសន្តិសុខជាតិ៕

