ផ្លូវការ! អត្រាពន្ធគយ ០% សម្រាប់តែរថយន្តថ្មីផលិតនៅសហរដ្ឋអាម៉េរិកប៉ុណ្ណោះ ចំណែករថយន្តមួយទឹកនៅជាប់អត្រាពន្ធដូចមុនដដែល

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តអត្រាពន្ធគយ ០% លើទំនិញនាំចូលពីសហរដ្ឋអាម៉េរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមខ្លឹមសារនៃអនុក្រឹត្យថ្មីនេះ បានសម្រេចដាក់ឱ្យអនុវត្តអត្រាពន្ធគយ ០% ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាម៉េរិក និងនាំចូលមកព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាម៉េរិក។ អត្រាពន្ធគយ ០% ខាងលើនេះ មិនអនុវត្តចំពោះទំនិញប្រើរួចឡើយ។

គួររំឭកថា កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហើបឱ្យដឹងថា ទំនិញនាំចូលមកកម្ពុជាពីសហរដ្ឋអាមេរិក ជាង ១១៤០០បន្ទាត់ពន្ធ គឺអត្រាពន្ធគយសូន្យភាគរយទាំងអស់ ក្នុងនោះក៏មានការនាំចូលរថយន្ដមួយទឹក ពីសហរដ្ឋអាមេរិកផងដែរ គឺពន្ធគយ ០ភាគរយដូចគ្នា ប៉ុន្តែការគិតពន្ធផ្សេងទៀតក្រៅអំពីពន្ធគយ គឺនៅដដែល។

សេចក្តីប្រកាសរបស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ខាងលើ បានធ្វើឱ្យមានការជជែកវែកញ៉ែកជាច្រើន ទៅលើការនាំចូលរថយន្តមួយទឹក ដែលប្រជាពលរដ្ឋខ្មែរពេញនិយមក្នុងការប្រើប្រាស់ ដូចជា រថយន្តម៉ាក Toyota Prius ឬ Lexus ជាដើម ថានឹងអាចមានតម្លៃធូរថ្លៃជាងមុន។

ទោះយ៉ាងណា តាមខ្លឹមសារអនុក្រឹត្យរបស់រាជរដ្ឋាភិបាលថ្មីនេះ បានបញ្ជាក់ច្បាស់ថា ការនាំចូលរថយន្តពីសហរដ្ឋអាម៉េរិក មកកម្ពុជា ដោយមានអត្រាពន្ធ ០% គឺសម្រាប់តែរថយន្តថ្មី និងជាមុខទំនិញដែលមានដើមកំណើតផលិតនៅសហរដ្ឋអាម៉េរិកប៉ុណ្ណោះ។ ចំណែកការនាំចូលរថយន្តមួយទឹក ពីសហរដ្ឋអាម៉េរិក មកកម្ពុជា គឺមានអត្រាគិតពន្ធដូចមុនដដែល។

សូមជម្រាបជូនថា ម៉ាករថយន្តដែលផលិតផ្ទាល់នៅសហរដ្ឋអាម៉េរិក រួមមានដូចជា៖ Ford, General Motors (Chevrolet, GMC, Cadillac, Buick), Rivian, Chrysler, Dodge, Jeep, Ram (Stellantis Group), Lucid Motors និង Tesla ជាដើម៕