ទីបំផុត អាមេរិក ផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុន Nvidia ដើម្បីនាំចេញបន្ទះឈីបទៅចិន

អន្តរជាតិ

ក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ខ្លួនបានចាប់ផ្តើមផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Nvidia ដើម្បីនាំចេញបន្ទះឈីបកម្រិតខ្ពស់ H20 របស់ខ្លួន ទៅកាន់ប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការផ្លាស់ប្តូរនេះ ត្រូវបានគេនិយាយថានឹងជួយឲ្យក្រុមហ៊ុន Nvidia អាចត្រលប់ចូលទៅកាន់ប្រទេសចិនវិញ ដែលត្រូវបានចាត់ទុកថាជាទីផ្សារដ៏សំខាន់បំផុតមួយរបស់ខ្លួន។ ប៉ុន្តែយ៉ាងណាក៏ដោយវាមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេថា អាជ្ញាប័ណ្ណដែលអាមេរិកផ្តល់ជូននេះ​ នឹងកំណត់ចំនួននៃការលក់បន្ទះឈីប នៅក្នុងកម្រិតប៉ុន្មាន នោះឡើយ។

គួរឲ្យដឹងថា​ ក្រៅពីបន្ទះឈីប H20 ការនាំចេញបន្ទះឈីបកម្រិតខ្ពស់ផ្សេងទៀតរបស់ Nvidia ទៅកាន់ប្រទេសចិន នៅតែត្រូវបានដាក់កម្រិតដដែល។ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានរឹតបន្តឹងម្តងហើយម្តងទៀតនូវការនាំចេញបន្ទះសៀគ្វីទំនើបទៅកាន់ប្រទេសចិន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដើម្បីទប់ស្កាត់ការរីកចម្រើនផ្នែក AI និងមហិច្ឆតាការពារជាតិរបស់ប្រទេសនេះ។

ជម្រាបជូនផងដែរថា កាលពីខែឧសភា​ ក្រុមហ៊ុន Nvidia បានប្រកាសថា បន្ទះឈីប H20 របស់ខ្លួន បាននាំមកនូវប្រាក់ចំណូលចំនួន ៤,៦ពាន់លានដុល្លារ នៅក្នុងត្រីមាសទីមួយ។ ទីផ្សារចិន បានរួមចំណែកប្រមាណ ១២,៥% នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន ក្នុងអំឡុងពេលនេះ៕