ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានចូលរួមកិច្ចប្រជុំពិភាក្សា នៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ. – CTB) លើកទី៦ នៅទីស្តីការក្រសួងទេសចរណ៍។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំពិភាក្សានេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដោយមានការចូលរួមពីឯកឧត្តម លោកឧកញ៉ា លោក លោកស្រី សមាជិក ក.ផ.ផ. រួមទាំងវិស័យឯកជនមួយចំនួនទៀត។
គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះ គឺដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់ ក.ផ.ផ. ឆមាសទី១ឆ្នាំ២០២៥, ការដាក់ចេញនូវផែនការសកម្មភាពសម្រាប់ឆមាសទី២ ឆ្នាំ២០២៥ និងឆ្នាំ២០២៦ និងការដាក់ចេញនូវផែនការចំពោះមុខសំដៅធានាភាពធន់នៃវិស័យទេសចរណ៍កម្ពុជា។ ជាពិសេសដើម្បីពិនិត្យ និងដាក់ចេញវិធានការគន្លឹះ និងយុទ្ធសាស្ត្រក្នុងការធានាភាពធន់នៃវិស័យទេសចរណ៍ ប្រឈមនឹងបញ្ហាដែលកើតមានឡើងពីជម្លោះព្រំដែន កម្ពុជា-ថៃ៕






