ក្រុមហ៊ុន Nvidia និង AMD បានយល់ព្រមផ្តល់ឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ១៥% នៃប្រាក់ចំណូលពីការលក់បន្ទះឈីបកម្រិតខ្ពស់របស់ខ្លួន ទៅឲ្យប្រទេសចិន ដូចជាបន្ទះឈីប H20 របស់ Nvidia ដែលត្រូវបានយកទៅប្រើប្រាស់ច្រើនសម្រាប់កម្មវិធី AI ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

គួរឲ្យដឹងថា កាលពីក្នុងខែមេសា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ឈប់ការលក់បន្ទះឈីប H20 ទៅកាន់ប្រទេសចិន ដោយសារបារម្ភលើបញ្ញាសន្តិសុខជាតិ។ ប៉ុន្តែ Nvidia កាលពីខែមុន បានប្រកាសថាសហរដ្ឋអាមេរិក បាននិយាយថា ពួកគេត្រូវបានអនុញ្ញាតឲ្យបន្តការលក់បន្ទះឈីបរបស់ខ្លួនទៅកាន់ចិនឡើងវិញហើយ ដោយសង្ឃឹមថានឹងចាប់ផ្តើមចែកចាយ ក្នុងពេលឆាប់ៗ។
ទន្ទឹមនឹងនេះ យោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់ បានបញ្ជាក់ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ក្រសួងពាណិជ្ជកម្មអាមេរិក ក៏បានចាប់ផ្តើមចេញអាជ្ញាប័ណ្ណ សម្រាប់ការលក់បន្ទះឈីប H20 របស់ Nvidia ទៅកាន់ប្រទេសចិន ផងដែរ។
យ៉ាងណាមិញ នៅពេលត្រូវបានសួរដោយអ្នកយកព័ត៌មានថា តើ Nvidia បានយល់ព្រមបង់ ១៥% នៃប្រាក់ចំណូល ដល់សហរដ្ឋអាមេរិកដែរឬទេ ខណៈអ្នកនាំពាក្យក្រុមហ៊ុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ” “យើងអនុវត្តតាមច្បាប់ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកកំណត់សម្រាប់ការចូលរួមរបស់យើងនៅក្នុងទីផ្សារទូទាំងពិភពលោក” ។
មិនតែប៉ុណ្ណោះ កាសែត Financial Times បាននិយាយថាក្រុមហ៊ុនផលិតបន្ទះឈីបជាច្រើន បានយល់ព្រមចំពោះការរៀបចំបង់ប្រាក់ចំណូលរបស់ខ្លួន ជាលក្ខខណ្ឌមួយសម្រាប់ការទទួលបានអាជ្ញាប័ណ្ណនាំចេញសម្រាប់បន្ទះឈីបរបស់ពួកគេទៅកាន់ប្រទេសចិន រួមទាំងបន្ទះឈីប MI308 របស់ AMD ផងដែរ៕

