ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី វរសេនីយ៍ត្រី ជួង លៀប ក្នុងសមរភូមិមុខនៃជម្លោះព្រំដែនកម្ពុជា-ថៃ

ជុំវិញ​ឧកញ៉ា

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានអញ្ជើញដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី វរសេនីយ៍ត្រី ជួង លៀប ដែលបានពលីជីវិតក្នុងការការពារបូរណភាពជាតិ និងអធិបតេយ្យជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា និងលោកជំទាវឧកញ៉ាបណ្ឌិត ក៏បានសម្តែងនូវការរំលែកទុក្ខជូនដល់គ្រួសារយុទ្ធជនពលី ដែលនេះគឺជាការបាត់បង់យុទ្ធជនដ៏អង់អាចក្លាហាន កូនជាទីស្រឡាញ់ បងប្អូនជាទីគោរព ឪពុកដ៏មានព្រហ្មវិហារធម៌ និងស្វាមីដែលមានភក្តីភាព សម្រាប់ជាតិ ព្រមទាំងក្រុមគ្រួសារ។

បន្ថែមពីនេះ លោកឧកញ៉ាក៏បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជូនដល់ក្រុមគ្រួសារសពនៃយុទ្ធជនពលី ដោយបានកត់សម្គាល់ថា ការពលីរបស់យុទ្ធជនជួរមុខកម្ពុជា នឹងត្រូវចងចាំទុកជាវីរភាព ប្រកបដោយឆន្ទៈមោះមុត ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីរបស់កម្ពុជាឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ពីការរំលោភបំពាន និងឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។ សូមឧទ្ទិសបួងសួងសុំឱ្យដួងវិញ្ញាណក្ខន្ធយុទ្ធជនពលី បានចាប់កំណើតក្នុងឋានបរម្យសុខកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបជូនថា យុទ្ធជនពលី វរសេនីយ៍ត្រី ជួង លៀប មានអាយុ៥០ឆ្នាំ ពិធីបុណ្យសព បច្ចុប្បន្នធ្វើបុណ្យនៅភូមិ ព្រំស្រី ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។ យុទ្ធជនពលី វរសេនីយ៍ត្រី ជួង លៀប បានពលីជីវិតក្នុងការការពារបូរណភាពជាតិ និងអធិបតេយ្យជាតិ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់ប្រសាទតាមាន់ធំ៕